ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្ស ៧០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន នៅកណ្តាលតំបន់ហ្គាហ្សា

xinhua

ហ្គាហ្សា ៖ ទូរទស្សន៍រដ្ឋប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិ ប៉ាឡេស្ទីន ៧០ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន al-Maghazi នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។

លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ទំនង ជាកើនឡើងនៅពេល ដែលការវាយប្រហារ តាមអាកាសបានវាយប្រហារ តំបន់លំនៅដ្ឋាន ដែលមានមនុស្សច្រើន។

លោកបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល កំពុងទម្លាក់គ្រាប់បែកលើផ្លូវសំខាន់ៗ របស់តំបន់កណ្តាលរវាងជំរុំ ដែលរារាំងរថយន្តសង្គ្រោះ និងរថយន្តស៊ីវិល មិនឱ្យទៅដល់ទីតាំងគោលដៅ ។

ប្រភពក្នុងតំបន់បានប្រាប់ស៊ីនហួថា ភាគច្រើននៃអ្នកស្លាប់ គឺជាស្ត្រី និងកុមារ ហើយបច្ចុប្បន្នវាពិបាក សម្រាប់មន្ទីរពេទ្យក្នុងតំបន់ ក្នុងការទទួលអ្នករបួសបន្ថែមទៀត ។

ប្រភពបានបន្ថែមថា ក្រៅពីជំរំជនភៀសខ្លួន al-Maghazi កងទ័ពអ៊ីស្រាអែល ក៏បានវាយប្រហារជំរុំជនភៀសខ្លួន al-Bureij នៅកណ្តាលហ្គាហ្សា និងទីក្រុង Khan Younis ភាគខាងត្បូងផងដែរ។

តួលេខចុងក្រោយបំផុត ដោយក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានបង្ហាញកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើង ដល់ ​២០,៤២៤នាក់ និង ៥៤,០៣៦ នាក់ផ្សេងទៀតបានរង របួសចាប់តាំងពីជម្លោះ បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top