ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ប្តេជ្ញា​សងសឹក​​លើ ​អ៊ីស្រាអែល ​ចំពោះ​ការ​សម្លាប់​ មេទ័ពរបស់ខ្លួន ​នៅ​ស៊ីរី

Xinhua

តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្តេជ្ញា ថានឹងសងសឹក យ៉ាងតឹងរ៉ឹងលើអ៊ីស្រាអែល ចំពោះការសម្លាប់មេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ramezan Sharif អ្នកនាំពាក្យ របស់ IRGC បានធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទ សារព័ត៌មានមួយនៅ រដ្ឋធានីតេអេរ៉ង់ ជាកន្លែងដែលលោកបានថ្កោលទោស ការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃចន្ទរបស់អ៊ីស្រាអែល លើទីក្រុងដាម៉ាស់ ដែលបានសម្លាប់មេទ័ពអ៊ីរ៉ង់ លោក Seyyed Razi Mousavi ​។

លោក Sharif បានបន្ថែមថា IRGC នឹងធ្វើការសងសឹកយ៉ាង ស្វិតស្វាញលើអ៊ីស្រាអែល នៅពេលនេះផងដែរ ដូចដែលវាបានធ្វើបន្ទាប់ពីឧប្បត្តិហេតុមុនៗ។

លោក Mousavi គឺជាមេបញ្ជាការជើងចាស់ម្នាក់របស់ IRGC ដែលបានបម្រើការជា “ទីប្រឹក្សាយោធា” នៅក្នុងប្រទេសស៊ីរី និងជាសមមិត្តរបស់មេបញ្ជាការ អ៊ីរ៉ង់ ចុងក្រោយលោក Qassem Soleimani ដែលត្រូវបានសម្លាប់ នៅក្នុងការ វាយប្រហារដោយយន្តហោះដ្រូន របស់សហរដ្ឋអាមេរិកនៅជិត អាកាសយានដ្ឋានបាកដាដក្នុង ខែមករាឆ្នាំ២០២០។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុង ដាម៉ាស់លោក Hossein Akbari បានប្រាប់បណ្តាញព័ត៌មាន សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កាលពីថ្ងៃចន្ទថា លោក Mousavi ត្រូវបានវាយប្រហារដោយកាំជ្រួចចំនួន ៣គ្រាប់ ខណៈលោកនៅម្នាក់ឯងនៅផ្ទះ របស់លោកនៅម៉ោង ៤ និង១០នាទីរសៀល​ បន្ទាប់ពីត្រឡប់មកពីធ្វើការ។

កាលពីដើមខែនេះ IRGC បានឲ្យដឹងថា សមាជិករបស់ខ្លួនពីរនាក់ត្រូវបាន សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល “ខណៈពេលដែលកំពុងបំពេញបេសកកម្មប្រឹក្សា នៅក្នុងរណសិរ្សតស៊ូអ៊ីស្លាម របស់ប្រទេសស៊ីរី”។

អ៊ីរ៉ង់ឲ្យដឹង​ថា ខ្លួន​មាន​តួនាទី​ប្រឹក្សា​ នៅ​ស៊ីរី ហើយ​មាន​នៅ​ទីនោះ​ តាម​ការ​អញ្ជើញ​របស់​ក្រុង​ដាម៉ាស។ អ៊ីស្រាអែល បានកំណត់គោលដៅម្តងហើយ ម្តងទៀតនូវអ្វីដែលខ្លួនឲ្យដឹងថា ជាទីតាំងដែលមានទំនាក់ទំនង ជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top