ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល សារភាពថា បានបើកការវាយប្រហារ លើអ៊ីរ៉ង់ចំនួន២ដង

AFP

បរទេស ៖ កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋាន យោធាអ៊ីរ៉ង់ និងបានធ្វើឃាតមេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ផងដែរនេះបើយោង តាមការអះអាង ដោយអតីតនាយករដ្ឋមន្ត្រី លោក Naftali Bennett ។

យោងតាមការចេញផ្សាយរបស់ RT លោក Bennett បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិកទទួលយកយុទ្ធសាស្ត្រ ស្រដៀងគ្នាប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់ ។

នៅក្នុងកាសែត Wall Street Journal ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ លោក Bennett បាននិយាយថា លោកបានបញ្ជាឱ្យមានការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកលើ មូលដ្ឋាន UAV នៅលើដីអ៊ីរ៉ង់កាលពីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ម្តង។

លោកបានបន្តថាលើកទី២លោកក៏ធ្លាប់ បានចេញបញ្ជារឲ្យមានការវាយប្រហារ សម្លាប់បានមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ ដែលមានឈ្មោះថា Hassa Sayyad Khodaei នៅក្នុងទីក្រុងតេហរ៉ង់ នៅក្នុងខែបន្ទាប់ផងដែរ ។

គួរឲ្យដឹងដែរថាកន្លងមកអ៊ីស្រាអែល កម្រនឹងទទួលខុសត្រូវ ចំពោះការវាយប្រហារ ឬសកម្មភាពលាក់កំបាំង នៅលើដីអ៊ីរ៉ង់ ហើយទោះបីជាប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារនេះត្រូវបានគ្រោង ទុកដោយរដ្ឋាភិបាលរបស់លោក Bennett ក៏ដោយ ទីក្រុងយេរូសាឡឹមមិនដែលបញ្ជាក់ ឬបដិសេធមិនអនុវត្តវាទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top