ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៤

មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៤ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធើណេត ។ ខាងក្រោមនេះជាសុន្ទរកថារបស់លោក៖

សួស្តីទាំងអស់គ្នា! រដូវកាល Dongzhi តំណាងឱ្យភាពរស់រវើកនៃជីវិត ពេលវេលាវិលជុំឥតឈប់ឈរ។ ក្នុងខណៈពេលដ៏ល្អបវរដែលលាចាកឆ្នាំចាស់អបអរទទួលឆ្នាំថ្មី ខ្ញុំសូមជូនពរឆ្នាំថ្មីចំពោះអ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង!
ក្នុងឆ្នាំ ២០២៣ យើងបានបន្តខំប្រឹងតស៊ូ និងធ្វើដំណើរទៅមុខយ៉ាងអង់អាចក្លាហាន យើងបានឆ្លងកាត់ព្យុះភ្លៀងនិងមើលឃើញទេសភាពស្រស់ស្អាត ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ អ្នកទាំងអស់គ្នាបានចងចាំនូវការលំបាកពេញមួយឆ្នាំ ហើយក៏ពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតផងដែរ។

យើងបានបោះជំហានទៅមុខយ៉ាងមុតមាំក្នុងឆ្នាំនេះ។ ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងបានឈានចូលដំណាក់កាលថ្មីដោយមានស្ថិរភាព សេដ្ឋកិច្ចចិនបន្តស្តារឡើងវិញនិងមានភាពល្អប្រសើរឡើង ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងប្រាកដប្រជា។ ប្រព័ន្ធឧស្សាហកម្មទំនើបកាន់តែមានសុក្រឹតភាព ឧស្សាហកម្មជាសរសរស្តម្ភបែបថ្មីមួយចំនួនដែលមានភាពជឿនលឿន វៃឆ្លាត និងបៃតងបានងើបឡើងយាងឆាប់រហ័ស។ ការបង្កបង្កើនផលស្បៀងមានទិន្នផលច្រើនក្នុងរយៈពេល ២០ ឆ្នាំជាប់ៗ ទឹកកាន់តែថ្លាឆ្វង់ ភ្នំកាន់តែខៀវ ការស្តារនិងអភិវឌ្ឍជនបទលេចចេញទិដ្ឋភាពថ្មី។ ការស្តារនិងអភិវឌ្ឍតំបន់ឦសានដោយគ្រប់ជ្រុងជ្រោយបានចារទំព័រថ្មី តំបន់ថ្មី Xiong’an អភិវឌ្ឍយ៉ាងលឿន ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ហ្សេមានភាពរស់រវើក តំបន់មហាឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវឈានមុខគេយ៉ាងលេចធ្លោ។ សេដ្ឋកិច្ចចិនមានភាពរឹងមាំក្នុងព្យុះភ្លៀង។

យើងបានបោះជំហានទៅមុខប្រកបដោយថាមពលក្នុងឆ្នាំនេះ។ បន្ទាប់ពីការលត់ដំអស់រយៈពេលយូរ ប្រទេសចិនបានបំផុសកម្លាំងចលករផ្នែកនវានុវត្តន៍និងភាពរស់រវើកខាងកាអភិវឌ្ឍ។ យន្តហោះខ្នាតយក្ស C919 បានសម្រេចការហោះហើរខាងពាណិជ្ជកម្ម កប៉ាល់ទេសចរណ៍ធុនធំដែលផលតក្នុងស្រុកបានសម្រេចការសាកល្បងធ្វើនាវាចរណ៍ យានអវកាសស៊េរី Shenzhou ត្រូវបានបាញ់បង្ហោះទៅទីអវកាសជាបន្តបន្ទាប់ នាវាមុជទឹក Fendouzhe បានមុជចុះក្នុងជម្រៅទឹកជ្រៅបំផុត។

ម៉ាកផលិតផលល្បីៗរបស់ប្រទេសចិនទទួលបានការពេញនិយមកាន់តែច្រើនឡើងៗ ទូរស័ព្ទដៃផលិតដោយប្រទេសចិនកាន់តែមានប្រជាប្រិយភាពខ្លាំង រថយន្តដែលប្រើប្រាស់ថាមពលស្អាត អាគុយលីចូម ផលិតផលប្រើប្រាស់ថាមពលសូឡាជាដើមជាមោទនភាពថ្មីនៃ “Made In China“។ ប្រទេសចិនរីកចម្រើនក្រោមស្មារតីខំប្រឹងតស៊ូ ទីណាៗក៏សុទ្ធតែពោរពេញទៅដោយការច្នៃប្រឌិតថ្មី។

យើងបានបោះជំហានទៅមុខដោយភាពរស់រវើកក្នុងឆ្នាំនេះ។ ការប្រកួតកីឡាសកលវិទ្យាល័យក្រុង Chengdu និងការប្រកួតកីឡាអាស៊ីក្រុង Hangzhou បានរៀបចំឡើងយ៉ាងឱឡារិក ហើយអត្តពលិកទាំងឡាយបានខិតខំប្រឹងប្រែងបង្កើតស្នាដៃដ៏អស្ចារ្យ។ ភ្ញៀវទេសចរក្នុងថ្ងៃបុណ្យនិងថ្ងៃឈប់សម្រាកមានច្រើនកុះករ ទីផ្សារភាពយន្តមានភាពផុលផុស “ការប្រកួតបាល់ទាត់លីគកំពូលភូមិ” និង ”រាត្រីសមោសរភូមិ”សុទ្ធតែមានភាពទាក់ទាញខ្លាំង ជីវភាពរស់នៅដោយកាបូនទាបបានក្លាយទៅជារបៀបរស់នៅដ៏ទាន់សម័យជាបណ្តើរៗ។

បរិយាកាសរស់នៅប្រកបដោយភាពកក់ក្តៅនិងភាពមមាញឹកនៃការស្តារឡើងវិញបានបង្ហាញពីការស្វែងរកភាពល្អបវរនិងសុភមង្គលរបស់មនុស្សគ្រប់រូប ហើយក៏បានបង្ហាញពីប្រទេសចិនដែលប្រកបដោយភាពរស់រវើកនិងកម្លាំងចលករផងដែរ។
យើងបានបោះជំហានទៅមុខដោយភាពជឿជាក់លើខ្លួនឯងក្នុងឆ្នាំនេះ។ ប្រទេសចិនគឺជាប្រទេសដ៏អស្ចារ្យមួយដែលបានបន្តវេននិងផ្សព្វផ្សាយនូវអរិយធម៌ដ៏អស្ចារ្យ។ នៅលើទឹកដីដ៏ធំទូលាយនេះ មានវាលខ្សាច់ផងនិងតំបន់មានទឹកទន្លេបឹងបួផងដែលតែងតែធ្វើឱ្យយើងចង់ទៅទស្សនាកម្សាន្ត។ ទន្លេលឿងនិងទន្លេយ៉ង់ហ្សេដែលហូរត្របាញ់ តែងធ្វើឱ្យយើងមានភាពរំភើបនិងទឹកចិត្តក្លៀវក្លា។

ស្មារតីអរិយធម៌នៅទីសំណល់បុរាណ Liangzhu និងទីសំណល់បុរាណ Erlitou ការបន្តវេននិងផ្សព្វផ្សាយអក្សរចារឹកលើឆ្អឹងសត្វនិងស្នូកអណ្តើកនៃវិកិណ្ណដ្ឋាន Yinxu មរតកដែលមានតម្លៃមិនអាចកាត់ថ្លៃបាននៅវិកិណ្ណដ្ឋាន Sanxingdui និងការបន្តវេននិងផ្សព្វផ្សាយនូវសរសៃឈាមអរិយធម៌ចិននៅក្នុងបណ្ណសារដ្ឋានជាតិចិននៃការបោះពុម្ពផ្សាយនិងវប្បធម៌ ។ល។ ប្រទេសចិនដ៏ទូលំទូលាយ ប្រវត្តិសាស្ត្រចិនដ៏យូរអង្វែង អរិយធម៌ចិនដ៏សម្បូរបែបនិងជ្រាលជ្រៅសុទ្ធតែជាមូលដ្ឋាននៃជំនឿចិត្តលើខ្លួនឯងនិងជាប្រភពនៃថាមពលដ៏ខ្លាំងក្លារបស់យើង។

ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោប ពិភពលោកយ៉ាងសកម្មផងដែរ ដោយរ៉ាប់រងតួនាទីរបស់ប្រទេសធំ។ យើងបានរៀបចំដោយជោគជ៏យនូវកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល វេទិកាកំពូលអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ” លើកទីបី ព្រឹត្តិការណ៍ការទូតដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះបានអបអរស្វាគមន៍មិត្តភក្តិមកពីជុំវិញពិភពលោក។ ខ្ញុំក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួន ចូលរួមកិច្ចប្រជុំអន្តរជាតិមួយចំនួន និងជួបពិភាក្សាជាមួយមិត្តចាស់និងដៃគូថ្មីជាច្រើនដោយបានចែករំលែកគំនិតផ្តួចផ្តើមរបស់ចិននិងបង្កើនគំនិតឯកភាពរួមរវាងគ្នានិងគ្នា។ រឿងរ៉ាវលើពិភពលោកចេះតែផ្លាស់ប្តូរ តែការអភិវឌ្ឍដោយសន្តិភាពគឺជាកិច្ចការចម្បងជានិច្ច កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺជារឿងដែលសំខាន់បំផុត។

នៅតាមផ្លូវឈានទៅមុខ មានព្យុះភ្លៀងគឺជារឿងធម្មតាណាស់។ សហគ្រាសមួយចំនួនប្រឈមនឹងសម្ពាធខាងការធ្វើអាជីវកម្ម មហាជនមួយចំនួនជួបប្រទះនឹងការលំបាកក្នុងការរកការងារធ្វើនិងជីវភាពរស់នៅ កន្លែងខ្លះកើតមានគ្រោះមហន្តរាយធម្មជាតិដូចជាគ្រោះទឹកជំនន់ ព្យុះទីហ្វុងនិងគ្រោះរញ្ជួយដីជាដើម ទាំងនេះសុទ្ធតែជារឿងដែលខ្ញុំគិតក្នុងចិត្តជាប់រហូត។ អ្នកទាំងអស់គ្នាមិនខ្លាចការលំបាក ជួយយកអាសាគ្នាទៅវិញទៅមក ប្រឈមមុខនិងបញ្ហា និងពុះពារការលំបាកយ៉ាងអង់អាចក្លាហាន។ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ប្រជាកសិករដ៏ឧស្សាហ៍ព្យាយាមដែលធ្វើស្រែចម្ការយ៉ាងនឿយហត់ ប្រជាកម្មករដែលខិតខំធ្វើការ សហគ្រិនដែលហ៊ានសាកល្បងនិងតស៊ូបង្កើតអាជីព ទាហានដែលការពារជាតិមាតុភូមិ មនុស្សគ្រប់រូបដែលប្រកបមុខរបរផ្សេងៗសុទ្ធតែបានខិតខំបំពេញភារកិច្ចរៀងៗខ្លួន មនុស្សដ៏សាមញ្ញគ្រប់គ្នាសុទ្ធតែបានធ្វើការរួមចំណែកដ៏វិសាមញ្ញ! ប្រជាជនជាទីបង្អែកធំបំផុតជាដរាបសម្រាប់បក្សនិងប្រទេសយើងក្នុងការយកឈ្នះលើរាល់ការលំបាកទាំងអស់ ។

ឆ្នាំក្រោយជាខួប ៧៥ ឆ្នាំនៃការបង្កើតប្រទេសចិនថ្មី។ យើងត្រូវជំរុញយ៉ាងមុតមាំមិនងាករេនូវការធ្វើទំនើបកម្មតាមបែបផែនចិន អនុវត្តយ៉ាងល្អពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍនិងសន្តិសុខ។ ត្រូវប្រកាន់ខ្ជាប់នូវការស្វែងរកការរីកចម្រើនក្នុងភាពនឹងនរ ជំរុញស្ថិរភាពតាមរយៈការរីកចម្រើនទៅមុខ ពង្រឹងនិងពង្រីកនិន្នាការសេដ្ឋកិច្ចដែលបាននិងកំពុងស្តារឡើងវិញនិងមានភាពប្រសើរឡើង ដើម្បីសម្រេចឱ្យសេដ្ឋកិច្ចដំណើរការដោយនឹងនរនិងយូរអង្វែង។ ត្រូវធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកទូលាយ លើកកម្ពស់ថែមទៀតនូវជំនឿចិត្តខាងការអភិវឌ្ឍ បង្កើនភាពរស់រវើកនៃសេដ្ឋកិច្ច បង្កើនកម្លាំងជំរុញវិស័យអប់រំ លើកកម្ពស់កម្រិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស

ត្រូវបន្តគាំទ្រហុងកុងនិងម៉ាកាវឱ្យពង្រីកឧត្តមភាពរៀងៗខ្លួន ដើម្បីរក្សាស្ថិរភាពនិងវិបុលភាពក្នុងរយៈពេលយូរខណៈពេលរួមបញ្ចូលក្នុងនិម្មាបនកម្មនៃការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យបានកាន់តែល្អ។

ការបង្រួបបង្រួមមាតុប្រទេសជានិន្នាការដ៏ចាំបាច់នៃប្រវត្តិសាស្រ្ត ជនរួមជាតិត្រើយទាំងសងខាងត្រូវពួតដៃគ្នាចិត្តមួយថ្លើមមួយ ដើម្បីចែករំលែកនូវភាពរុងរឿងដ៏មហិមានៃការស្តារប្រជាជាតិចិនឡើងវិញ។

គោលដៅយើងធំធេងណាស់តែក៏ជាគោលដៅដ៏ប្រាកដប្រជាដែរ នោះគឺខិតខំប្រឹងប្រែងយ៉ាងណាដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ការចិញ្ចឹមបីបាច់និងការទទួលបានការអប់រំរបស់ក្មេងៗ ការមានការងារធ្វើនិងអាចក្លាយទៅជាធនធានមនុស្សរបស់យុវជន ការព្យាបាលជំងឺនិងការចិញ្ចឹមជីវិតក្នុងវ័យជរារបស់មនុស្សចាស់ជារឿងរបស់គ្រួសារនីមួយៗហើយក៏ជារឿងរបស់ប្រទេសជាតិផងដែរ ហេតុដូច្នេះយើងគួរតែខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីធ្វើរឿងទាំងនេះឱ្យបានល្អ។ សង្គមបច្ចុប្បន្នដំណើរការដោយល្បឿនលឿន យើងទាំងអស់គ្នាសុទ្ធតែមានភាពមមាញឹក សម្ពាធការងារនិងជីវភាពរស់នៅក៏ធំដែរ។ យើងត្រូវបង្កបរិយកាសសង្គមប្រកបដោយភាពកក់ក្តៅនិងភាពចុះសម្រុងគ្នា ពង្រីកលំហនវានុវត្តន៍ដែលប្រកបដោយភាពបរិយាបន្ននិងភាពរស់រវើក បង្កលក្ខណសម្បត្តិរស់នៅប្រកបដោយភាពងាយស្រួលនិងផាសុកភាពដើម្បីធ្វើឱ្យយើងទាំងអស់គ្នាមានទឹកចិត្តសប្បាយរីករាយ ជីវិតរស់នៅប្រកបដោយអត្ថន័យ និងសម្រេចក្តីសុបិនរបស់ខ្លួន។

សព្វថ្ងៃ លើពិភពលោកនេះនៅមានកន្លែងខ្លះដែលកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាម។ ប្រជាជនចិនយល់ដឹងច្បាស់ណាស់នូវតម្លៃនៃសន្តិភាព ពួកយើងរីករាយរួមជាមួយសហគមន៍អន្តរជាតិ គិតគូរពីអនាគតនៃមនុស្សជាតិនិងសុខុមាលភាពនៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិនិងកសាងពិភពលោកកាន់តែល្អបវរ។

ក្នុងខណៈពេលនេះ ស្បៃរាត្រីបានគ្របដណ្តប់លើមហាប្រឹថពី ពន្លឺភ្លើងបានចែងចាំងចេញពីគ្រប់ក្រុមគ្រួសារ។ ចូរយើងនាំគ្នាជូនពរមាតុប្រទេសឱ្យមានភាពរុងរឿងថ្កុំថ្កើង ពិភពលោកមានសន្តិភាពនិងភាពសុខសាន្ត។ សូមជូនពរអ្នកទាំងអស់គ្នាមានភាពកក់ក្តៅពេញមួយឆ្នាំ សម្រេចអ្វីៗបានដូចក្តីបំណង និងមានសុខភាពល្អមាំមួន!
សូមអរគុណ!

To Top