ព័ត៌មានអន្តរជាតិ

អតីតជំនួយការ ប្រធានាធិបតីម្នាក់ លើកឡើងថា លោក Zelensky គួរលាលែងពីតំណែង

AFP

បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Rustem Umerov គួរតែលាលែងពីមុខតំណែង ដោយសារតែបញ្ហាលំបាក របស់ប្រទេសនេះ នៅក្នុងជម្លោះ ជាមួយរុស្ស៊ី នេះបើយោងតាមការលើកឡើង របស់លោក Oleg Soskin ដែលធ្លាប់មានតួនាទី ជាជំនួយការដល់ប្រមុខរដ្ឋ អ៊ុយក្រែន ចំនួនពីររូបនាពេលកន្លងមក ។

យោងតាមការចេញផ្សាយ របស់ RT លោក Soskin បានទទូចបែបនេះនៅក្នុងឃ្លីបមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើប៉ុស្តិ៍ YouTube របស់គាត់កាលពីថ្ងៃសុក្រ ។

អតីតជំនួយការប្រធានាធិបតីរូបនេះ បានចង្អុលទៅការពិតដែលថា យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២៧ គ្រឿង និងមីស៊ីលចំនួន ៨៧ គ្រាប់ ក្នុងចំណោម មីស៊ីលចំនួន ១៥៨ ដែលត្រូវបានបាញ់ដោយប្រទេសរុស្ស៊ី អំឡុងពេលការវាយប្រហារ តាមអាកាសទ្រង់ទ្រាយធំ របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

គួរឲ្យដឹងដែរថាក្រសួងការពារជាតិ នៃរដ្ឋាភិបាលទីក្រុងមូស្គូបានអះអាងថា គោលដៅដែលបានគ្រោងទុកទាំងអស់ រួមទាំងទីតាំងឧស្សាហកម្មការពារជាតិ អាកាសយានដ្ឋានយោធា ឃ្លាំងអាវុធ និងទីតាំងកងទ័ពអ៊ុយក្រែន ត្រូវបានវាយប្រហារដោយជោគជ័យ ៕

ប្រែសម្រួល៖ស៊ុនលី

To Top