ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ នៅឆ្នាំថ្មី ចិនរីករាយ រួមសហការជា មួយសហគមន៍ អន្តរជាតិ ដើម្បីទប់ទល់នឹង ការប្រឈម និង ជំរុញវិបុលភាពរួម !

ឆ្នាំ២០២៣ ដែលទើបបានកន្លងផុតទៅ ជាឆ្នាំមួយដែលសេដ្ឋកិច្ចចិន ស្តារឡើងវិញ បន្ទាប់ពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំ ។ ពិតមែនតែត្រូវប្រឈម នឹងភាពលំបាកយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនចិន គ្រប់រូបសុទ្ធ តែបានតស៊ូព្យាយាម ហើយបានរួមចំណែកដ៏អស្ចារ្យ ។ សេដ្ឋកិច្ចចិនមាន និន្នាការណ៍ល្អ ប្រសើរជាទូទៅ ជាបន្តបន្ទាប់ ការផលិតស្បៀង អាហាររបស់ប្រទេសចិន បានសម្រេចការកើនឡើង ក្នុងរយៈពេល ២០ឆ្នាំ ជាប់ៗគ្នា ។ នៅឆ្នាំ២០២៣ ប្រជាជនចិនបានដើរទៅមុខ “យ៉ាងរឹងមាំ”និង “មានកម្លាំងខ្លាំងក្លា” ដែលទទួល បានសមិទ្ធផល យ៉ាងស្តុកស្តម្ភ ។ លោក Xi jinping ប្រធានរដ្ឋចិនបានថ្លែងថា “គោលដៅ យើងធំធេងណាស់ តែក៏ជាគោលដៅដ៏ប្រាកដប្រជាដែរ នោះគឺខិតខំប្រឹងប្រែង យ៉ាងណា ដើម្បីធ្វើឱ្យប្រជាជន មានជីវភាព រស់នៅកាន់តែល្អប្រសើរ ។” ជីវភាពរស់នៅកាន់តែល្អប្រសើរ គឺជាគោលបំណង ដ៏សាមញ្ញ របស់ការអភិវឌ្ឍរបស់ចិន ហើយក៏បានផ្ទុកនូវក្តីរំពឹងទុក របស់ប្រជាជន នៅលើពិភពលោកផងដែរ ។

ខណៈស្នូរជួងឆ្នាំថ្មីបន្លឺឡើង សកលលោក នៅតែមិនសូវមានសន្តិភាពនោះទេ ។ វិបតិ្តអ៊ុយក្រែន បានកើតមាន ជាបន្តបន្ទាប់ តំបន់ប៉ាឡេស្ទីន និងអ៊ីស្រាអែល មានភ្លើងសង្គ្រាម ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ធ្វើកិច្ចប្រជុំជាច្រើនលើក ដើម្បីពិគ្រោះពិភាក្សា អំពីការវាយប្រហារដ៏អាក្រក់ និងព្រឹតិ្តការណ៍ បណ្តាល ឱ្យជនស៊ីវិលស្លាប់និងរងរបួស អំពីរឿងទាំងនេះ ប្រទេសចិនមានការឈឺ ចាប់ណាស់និងក្តីទុក្ខ យ៉ាងក្រៀមក្រំ ។

បើចង់ឱ្យប្រជាជន សកលលោកមានជីវភាព រស់នៅកាន់តែល្អប្រសើរ មុនដំបូង គឺត្រូវមានបរិយាកាសប្រកបដោយសន្តិភាពនិងសុខសាន្តត្រាន ។ ពីការចេញផ្សាយ «គោលជំហររបស់ចិន ស្តីពីដំណោះស្រាយវិបត្តិ អ៊ុយក្រែន តាមផ្លូវនយោបាយ» និង «ឯកសារស្តីពីគោលជំហរ របស់ចិន ក្នុងការដោះស្រាយការប៉ះទង្គិច រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល » ដល់ការចាត់បញ្ជូនមន្ត្រីច្រើនរូប ដើម្បីធ្វើកិច្ចសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង របស់ចិនទទួលបានការ ទទួលស្គាល់ជាទូទៅ ពីសហគមន៍អន្តរជាតិ ។

ការអភិវឌ្ឍជាកូនសោទូទៅ សម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ ក្នុងមួយឆ្នាំកន្លងទៅ សេដ្ឋកិច្ចសកលបានងើបឡើងវិញដោយកម្លាំងទន់ខ្សោយ វិបត្តិស្បៀងអាហារ វិបតិ្តថាមពល និងការឡើងថ្លៃទំនិញជាដើម បណ្តាលឱ្យប្រជាជន នៃប្រទេសជាច្រើន រងសម្ពាធយ៉ាងខ្លាំង ។ ក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសំខាន់ៗ នៅលើពិភពលោក ក្នុងរយៈពេលបីត្រីមាសដើមឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានកើនឡើង ៥,២ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២២ ចិននៅតែជាក្បាលម៉ាស៊ីនធំ ជាងគេរបស់សេដ្ឋកិច្ច សកលដដែល ។

បើចង់ឱ្យប្រជាជនសកលលោក មានជីវភាពរស់នៅកាន់តែល្អប្រសើរ ត្រូវមានអភិបាលកិច្ចសកល ដែលមានភាពកាន់តែយុត្តិធម៌ និងសមហេតុផល ។ ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល និងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការ អន្តរជាតិលើកទីបី ដល់ការទទួលបានសមាជិកថ្មី នៃមហាគ្រួសារប្រទេស BRICS រហូតដល់កិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងអាមេរិកនៅក្រុង San Francisco ប្រទេសចិនបាន ខិតខំប្រឹងប្រែង គាំពារសណ្តាប់ធ្នាប់អន្តរជាតិ និងពង្រឹងកម្លាំងរបស់ “សកលខាងត្បូង” ដែលបានបំពេញបន្ថែម ភាពប្រាកដប្រជា និងស្ថិរភាព ដល់ពិភពលោកដែលមានភាពង្គោះរង្គើនិងកំណែទម្រង់ ។

ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ប្រទេសចិននឹងបន្តបង្ហាញ ពីទំនួលខុសត្រូវ របស់ប្រទេសធំដើម្បីគាំពារ សមភាពនិងយុត្តិធម៌ របស់សកលលោក ពង្រីកការបើកទូលាយ ចំពោះក្រៅប្រទេសប្រកប ដោយកម្រិតខ្ពស់ និងជំរុញការងើបឡើងវិញ របស់សេដ្ឋកិច្ចសកល ។ ប្រទេសចិនរីករាយរួម សហការជាមួយសហគមន៍ អន្តរជាតិដើម្បីទប់ទល់នឹងការប្រឈម និងជំរុញវិបុលភាពរួម !
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top