ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង អះអាងថា ការបង្រួបបង្រួមឡើងវិញ ជាមួយកូរ៉េខាងត្បូង ជារឿងដែលមិនអាចទៅរួច

រូបភាពពី៖​ AFP

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាមិនអាចទៅរួចនោះទេក្នុងការសម្រេចបានការបង្រួបបង្រួមគ្នាឡើងវិញរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ពីព្រោះគោលការណ៍របស់កូរ៉េខាងត្បូងគឺប្រឆាំងដោយផ្ទាល់ទៅនឹងប្រទេសកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃអាទិត្យថា ថ្លែងទៅកាន់កិច្ចប្រជុំនៃគណបក្សពលករដែលកំពុងកាន់អំណាច លោក គីម បាននិយាយថា ទំនាក់ទំនងរដ្ឋទាំងពីរបានក្លាយទៅជា “អរិភាព (សត្រូវ) ចំពោះគ្នាទៅវិញទៅមក” ហើយលែងជា “ការចុះសម្រុងគ្នា ឬដូចគ្នាទៀតហើយ” ។

លោក គីម បានប្រកាសថា វិធីសាស្រ្តរបស់ទីក្រុងព្យុងយ៉ាងចំពោះការបង្រួបបង្រួមជាតិដោយផ្អែកលើ “ប្រជាជាតិមួយ និងរដ្ឋមួយដែលមានប្រព័ន្ធពីរ” មានភាពផ្ទុយគ្នាយ៉ាងខ្លាំងជាមួយនឹង “ការបង្រួបបង្រួមដោយការស្រូបទាញ” និង “ការបង្រួបបង្រួមក្រោមលទ្ធិប្រជាធិបតេយ្យសេរី” ។

ទីភ្នាក់ងារនេះបានស្រសម្តីលោក គីម ដែលបាននិយាយថា កូរ៉េខាងត្បូងបច្ចុប្បន្នជា “រដ្ឋក្រោមអាណានិគម” ដែលនយោបាយ “គ្មានសណ្តាប់ធ្នាប់” ហើយការការពារ និងសន្តិសុខគឺពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក។

លោក គីម បានបន្តថា ទីក្រុងវ៉ាស៊ីនតោនបានប្រែទីក្រុងសេអ៊ូលទៅជាមូលដ្ឋានយោធា និងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយថាចំនួនសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនក្នុងឆ្នាំ២០២៣ បានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ លោកថា ការពិតនេះ “បង្ហាញយ៉ាងច្បាស់” ថា សហរដ្ឋអាមេរិកមានគោលបំណងសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធា។

លោក គីម បាន​អះអាងថា “សង្រ្គាមអាចនឹងផ្ទុះឡើង” នៅលើឧបទ្វីបកូរ៉េនៅពេលណាក៏បាន ដោយសារតែ “ភាពព្រហើនរបស់សត្រូវ” ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ព្យាយាមបង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយទីក្រុងព្យុងយ៉ាង នោះ “សង្គ្រាមនុយក្លេអ៊ែររបស់ខ្លួននឹងឈានទៅដល់សកម្មភាពធ្ងន់ធ្ងរដោយមិនស្ទាក់ស្ទើរ”។

ការកត់សម្គាល់របស់ប្រធានាធិបតីកូរ៉េខាងជើងនេះបានធ្វើឡើងតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងកាលពីថ្ងៃពុធថា ស្ថានភាពយោធានៅលើឧបទ្វីបកូរ៉េបានក្លាយទៅជា “ជ្រុលនិយម” ដោយសារតែចលនាប្រឈមមុខដាក់គ្នា “មិនធ្លាប់មានពីមុនមក” ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា

To Top