ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បាញ់មីស៊ីល និងប្រើដ្រូនជាច្រើនគ្រឿងមកលើរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន

រូបភាពពី៖​ XINHUA

គៀវ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា ក្រុមមន្ត្រីបានលើកឡើងថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន)ជាច្រើនគ្រឿងនៅរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងទីក្រុង Kharkov ស្ថិតនៅភាគឦសាននៅថ្ងៃអង្គារនេះដោយបានសម្លាប់ជនស៊ីវិលតិចបំផុត៥នាក់ រងរបួសរាប់សិបនាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ ។

ការវាយប្រហារតាមផ្លូវអាកាសរយៈពេល៣ថ្ងៃជាប់ៗគ្នាមកលើប្រទេសអ៊ុយក្រែន បានធ្វើតាមការព្រមានរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទថា ការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសអ៊ុយក្រែន ទៅលើទីក្រុង Belgorod របស់រុស្ស៊ី ដែលក្រុងម៉ូស្គូបានបញ្ជាក់ថា បានសម្លាប់ជនស៊ីវិលអស់២៥នាក់ ។

គេបានឃើញផ្សែងហ៊ុយចេញពីផ្នែកខាងក្នុងនៃអគារលំនៅដ្ឋានខ្ពស់មួយ ហើយលោក Vitali Klitschko អភិបាលក្រុង គៀវ បានលើកថា កម្ទេចកមី្ទគ្រាប់មីស៊ីលបានធ្លាក់មកចម្ងាយជាច្រើនម៉ែត្រ ដោយបន្សល់ទុកនូវរណ្ដៅមួយ ។

លោកបានលើកឡើងថា ស្ត្រីចំណាស់ម្នាក់បានស្លាប់ក្នុងរថយន្តសង្គ្រោះបន្ទាប់ពីបានរងរបួសនៅនឹងកន្លែង ហើយមនុស្ស ៤៣នាក់ផ្សេងទៀតបានរងរបួស ។ ក្រុមសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា សាកសពមួយក៏ត្រូវបានគេរកឃើញនៅជាន់ទី៨នៃអគារដែលរងការខូចខាត ។

លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា “រុស្ស៊ី នឹងផ្តល់ចម្លើយសម្រាប់ជីវិតគ្រប់រូបដែលពួកគេបាត់បង់ទៅ” ។

គួរបញ្ជាក់ថា រុស្ស៊ី បានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនមកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៩ ខែធ្នូ នៅគ្រាដែលខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំនៅក្នុងសង្គ្រាមដោយបានសម្លាប់មនុស្សតិចបំផុត៣៩នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top