ព័ត៌មានអន្តរជាតិ

កងទ័ពស៊ីរី បាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកចំនួន៩គ្រឿង ក្រោយក្រុមឧទ្ទាមបង្ហោះ នៅភាគខាងជើងប្រទេស

AFP

ដាម៉ាស់ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា កាលពីថ្ងៃអង្គារ កងទ័ពស៊ីរី បានបាញ់ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន៩គ្រឿងដែលបាញ់បង្ហោះដោយក្រុមឧទ្ទាមនៅតំបន់ជនបទនៅទូទាំងខេត្ត Aleppo, Idlib និង Hama ដែលស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរី ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបង្កការគំរាមកំហែង ជាសក្តានុពលដល់ពលរដ្ឋស៊ីវិល និងការពង្រឹងដល់វិស័យយោធា ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាម ដែលនៅភាគខាងជើងនៃប្រទេសស៊ីរី ជាពិសេសនៅក្នុងខេត្ត Idlib នៅភាគពាយ័ព្យ បានបង្កើន ការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកប្រឆាំងនឹងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

នៅក្នុងការវាយប្រហារដ៏សាហាវបំផុត បានកើតឡើងកាលពីដើម ខែតុលា នៅគ្រាដែលការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក បានសម្លាប់បុគ្គលិកយោធា និងជនស៊ីវិលអស់ជាង៨០នាក់ក្នុង អំឡុងពេលពិធីបញ្ចប់ការសិក្សា នៅឯសាលាយោធានៅក្នុងខេត្ត Homs ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top