ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បំណុល ដែលមានទ្រង់ទ្រាយធំ និងកើនឡើង ជាបន្តបន្ទាប់កំពុងគំរាមកំហែង ដល់អនាគត នៃសេដ្ឋកិច្ចអាមេរិក

ដោយសាររងផលប៉ះ ពាល់ពីកត្តាដូចជាការកើនឡើង យ៉ាងគំហុកនៃបំណុលរដ្ឋាភិបាល និងតម្លៃទំនិញកើនឡើងជាដើម ជនជាតិអាមេរិកបានរ៉ាប់រងបន្ទុក សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ។ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ទិន្នន័យដែលក្រសួងហិរញ្ញវត្ថុ អាមេរិកបានប្រកាសនោះក៏បានវាយប្រហារមកលើពួកគេម្តងទៀត ៖ គិតមកទល់ថ្ងៃទី២ ខែមករា តាមម៉ោងក្នុងតំបន់ ទំហំសរុបនៃបំណុលសាធារណៈនៃរដ្ឋាភិបាលសហព័ន្ធអាមេរិក បានលើសពី៣៤ទ្រីលានដុល្លារ អាមេរិកជាលើកដំបូង។
តើ៣៤ទ្រីលានដុល្លារ អាមេរិកមានន័យថាម៉េច? តាមការគណនា នៃស្ថាប័នពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក ឱ្យដឹងថា វាគឺលើសពី១២០ភាគរយនៃ GDP របស់អាមេរិក ដែលមានន័យថា ជនជាតិអាមេរិកម្នាក់ៗនឹង ទទួលបន្ទុកបំណុល យ៉ាងហោចណាស់ ១សែនដុល្លារអាមេរិក ។ នេះបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើសេដ្ឋកិច្ចនិងសង្គមអាមេរិក ។
តើបំណុលដ៏ច្រើនលើសលប់នេះ គឺកើតមានយ៉ាងម៉េច? អ្នកជំនាញពាក់ព័ន្ធ បានថ្លែងថា ដើម្បីបំពេញឱនភាព រដ្ឋាភិបាលអាមេរិក បានទទួលប្រាក់ទុន តាមរយៈការដាក់ចេញប័ណ្ណបំណុល ជាតិក្នុងរយៈពេលជាយូរណាស់មកហើយ ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ សេដ្ឋកិច្ចអាមេរិកធា្លក់ក្នុងសភាពទាល់ច្រក ។ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលអាមេរិកបានដាក់ ចេញប័ណ្ណបំណុលជាតិជាច្រើន ដែលនាំឱ្យល្បឿនកំណើន នៃបំណុលកើន លឿនជាងការប៉ាន់ប្រមាណ ។ ដើម្បីទប់ស្កាត់អតិផរណា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានតម្លើងការប្រាក់ជាបន្តបន្ទាប់ ដែលបន្ថែមថ្លៃដើម នៃការសងបំណុលនៃរដ្ឋាភិបាលអាមេរិកថែមមួយកម្រិតទៀត ។ ក្រៅពីនេះ ស្របពេលដែលការ ចំណាយរបស់រដ្ឋាភិបាលកើនឡើង និងប្រាក់ចំណូលពន្ធដារ ត្រូវបានកាត់បន្ថយ ទំហំបំណុលបានពង្រីក ដោយចៀសមិនបាន ។

អ្នកវិភាគបានប៉ាន់ប្រមាណថា តាមនិន្នាការ បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនឹង បន្ថែមបំណុល លើសពី២ទ្រីលានដុល្លារ អាមេរិកជារៀងរាល់ឆ្នាំ ។ ដោយគិតពិចារណាដល់ បក្សទាំងពីររបស់សហរដ្ឋអាមេរិក ដែលកំពុងកើតមានវិវាទ យ៉ាងស្រួចស្រាវលើបញ្ហា ហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលគ្មានបំណងដោះស្រាយបំណុលនោះទេ មជ្ឈដ្ឋានខាងក្រៅប៉ាន់ ប្រមាណថា បញ្ហាបំណុលអាមេរិកនឹងកាន់ តែអាប់អួថែមមួយកម្រិតទៀត ។

ក្នុងបំណុលរដ្ឋាភិបាលអាមេរិក សមាមាត្រនៃបំណុល បរទេស គឺខ្ពស់ណាស់ ។ បំណុលអាមេរិកបានបំបែក កំណត់ត្រាថ្មីជាបន្តបន្ទាប់ ហានិភ័យ នៃការបំពានកិច្ចសន្យាបានកើនឡើង វាច្បាស់ណាស់ថានឹងប៉ះពាល់ ដល់ជំនឿចិត្ត របស់វិនិយោគិន បរទេសចំពោះសេដ្ឋកិច្ចអាមេរិក។ ប្រសិនបើវិនិយោគិនកាត់បន្ថយ ឬលក់ចេញបំណុល អាមេរិក នោះ ដុល្លារអាមេរិកនឹងប្រឈមមុខនឹងកម្លាំងសម្ពាធនៃការចុះថោក ថែមទាំងបង្កើនបន្ទុកសងបំណុលនិងបញ្ហាក្នុងការប្រមូលហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាមេរិកទៀតផង ។
ក្នុងបរិបទវិបត្តិបំណុល បក្សទាំងពីររបស់អាមេរិកនៅតែប្រយុទ្ធយ៉ាងក្តៅគគុកជុំវិញបញ្ហាថវិកាដដែល ប្រសិនបើមិនអាចឈានដល់គំនិតឯកភាពរួមទេ នោះ រដ្ឋាភិបាលអាមេរិកប្រហែលនឹង ប្រឈមមុខនឹងបញ្ហាផ្អាក ដំណើរការម្តងទៀត ។ ប្រសិនបើកើតមានករណីនេះ មន្ត្រីជាច្រើននាក់ដែលធ្វើការនៅជួររដ្ឋាភិបាល នឹងត្រូវបង្ខំឱ្យឈប់សម្រាក ដោយគ្មានប្រាក់ខែ ឬពន្យារពេលបើកប្រាក់ខែ រីឯគម្រោងដែលកាត់បន្ថយការចំណាយ រដ្ឋាភិបាលតែងតែពាក់ព័ន្ធយ៉ាង ជិតស្និទ្ធនឹងគម្រោងជីវភាពរស់នៅរបស់ប្រជាជន ។ ពោលគឺ ទីបំផុត អ្នកដែលរងការខាតបង់គឺប្រជាជនអាមេរិកតែម្ដង។

បើមើលពីផ្ទៃអន្តរជាតិ ដោយសារដុល្លារអាមេរិកជារូបិយវត្ថុបម្រុងទុកនិងរូបិយវត្ថុទូទាត់ទីមួយលើទូទាំងពិភពលោក ដូច្នេះ រូបមន្តរបស់អាមេរិកដែលជំពាក់ បំណុលលើសកម្រិត និងមិនទទួលរងការដាក់កំហិត នឹងបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុ អន្តរជាតិមានភាពកក្រើករំពើក ក៏ដូចជាបង្កផលប៉ះពាល់ដល់ សេដ្ឋកិច្ចសកល ។
មិនពិបាកឃើញថា បញ្ហាវិវាទដ៏សែនជ្រៅ នៃសេដ្ឋកិច្ចអាមេរិក នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដែលបណ្តាលឱ្យវិបត្តិបំណុលកើតឡើង ម្តងហើយម្តងទៀត ។ នេះមិនត្រឹមតែនាំមកនូវហានិភ័យកំបាំង និងភាពចលាចលដល់សង្គម អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវភាពមិនប្រាកដ ប្រជាកាន់តែច្រើនដល់ ពិភពលោកផងដែរ ។ តើអ្នកណាជាហានិភ័យដ៏ខ្លាំង នៃសន្តិសុខសេដ្ឋកិច្ចពិភពលោក?ចម្លើយគឺ មិនបាច់និយាយក៏គេដឹងដែរ ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top