ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងរៀបចំផែនការទុកជាមុន ពង្រីកឱកាសសង្រ្គាមនៅតំបន់ហ្គាហ្សា ទៅជាជម្លោះក្នុងតំបន់

AFP

បរទេស៖ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការទុកជាមុន សម្រាប់ឱកាសដែលសង្រ្គាម នៅតំបន់ហ្គាហ្សាប្រែទៅជាជម្លោះក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពីប្រភពដែលដឹងពីបញ្ហានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ហានិភ័យនៃជម្លោះហ្គាហ្សា ដែលកំពុងបង្កើនឱ្យទៅជាជម្លោះក្នុងតំបន់ គឺកំពុងកើនឡើង។

របាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិកតាមរយៈបណ្តាញ ខាងក្រោយបានជំរុញឱ្យប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាច្រើនខែ ដើម្បីបញ្ចុះបញ្ចូលឱ្យគេហៅថា “កងកម្លាំងប្រូកស៊ី ឬកងកម្លាំងតំណាង” របស់ខ្លួន ដើម្បីកាត់បន្ថយការវាយប្រហារ លើកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការផ្លាស់ប្តូរកម្រិតនៃ អំពើហឹង្សាណាមួយជាភស្តុតាងនោះទេ។

មន្ត្រីចារកម្មអាមេរិកត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកមធ្យោបាយ ដើម្បីរារាំងការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធប្រូកស៊ី ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏កំពុងដាក់ផែនការ រួមគ្នាដើម្បីវាយប្រហារគោលដៅពួកឧទ្ទាម ហួធី ក្នុងប្រទេសយេម៉ែន ប្រសិនបើការវាយប្រហាររបស់ ក្រុមនេះប្រឆាំងនឹងនាវាពាណិជ្ជកម្ម នៅជិតសមុទ្រក្រហមនៅតែបន្តទៀតនោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top