ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ហៅកូរ៉េខាងត្បូង ថាជាសត្រូវចម្បងរបស់កូរ៉េខាងជើង

រូបភាពពី៖​ Kyodo

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ប្រទេសនេះបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាត់ថ្នាក់កូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេសរបស់លោក និងជារដ្ឋ “អរិភាពបំផុត” ចំពោះទីក្រុងព្យុងយ៉ាង។

លោក គីម បានបញ្ជាក់អំពីស្លាកសញ្ញានេះ ក្នុងអំឡុងពេលត្រួតពិនិត្យរោងចក្រគ្រាប់បែកធំៗ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។

លោក គីម បានលើកឡើងថា ដោយសារកូរ៉េខាងត្បូង គឺជាសត្រូវចម្បងរបស់កូរ៉េខាងជើង ប្រជាជាតិរបស់លោក នឹងផ្តល់អាទិភាពដល់ការពង្រឹង “សមត្ថភាពយោធាសម្រាប់ការពារខ្លួន និងការរារាំងសង្គ្រាមនុយក្លេអ៊ែរ” ដើម្បីជាការឆ្លើយតបទៅនឹងជំហររបស់ទីក្រុងសេអ៊ូល។

របាយការណ៍ក៏បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ឲ្យដឹងថា “ពេលវេលាជាប្រវត្តិសាស្ត្របានមកដល់ចុងក្រោយ នៅពេលដែលយើងគួរតែកំណត់ថា កូរ៉េខាបងត្បូង ជារដ្ឋអរិភាពបំផុត​ ចំពោះកូរ៉េខាងជើង ​​។

នៅក្នុងនោះដែរលោក បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះការពិតដែលថា រោងចក្របានអនុវត្តដោយជោគជ័យនូវផែនការ សម្រាប់ការដាក់ពង្រាយអាវុធប្រភេទថ្មី និងគ្រឿងបរិក្ខារទៅកាន់អង្គភាពចម្រុះដ៏ធំ និងអង្គភាពកាំជ្រួចសំខាន់ៗក្នុងជួរទីមួយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top