ព័ត៌មានអន្តរជាតិ

អាមេរិក បារម្ភអំពីភាពតានតឹង ដែលបានកើតឡើង រវាងប្រធានាធិបតី Zelensky និងឧត្តមសេនីយ៍អ៊ុយក្រែន លោក Zaluzhny

AFP

បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់ប្រភពពីអ្នក ដែលដឹងអំពីបញ្ហាថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ការបែកបាក់រវាងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ គឺលោកឧត្តមសេនីយ៍ Valery Zaluzhny គឺកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែង យោធារបស់ទីក្រុងគៀវ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារនេះបាននិយាយនៅក្នុងអត្ថបទកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក Biden ចង់ឱ្យអ៊ុយក្រែន “ធ្វើឱ្យកាន់តែច្បាស់” ផែនការរបស់ខ្លួនសម្រាប់ការប្រយុទ្ធជាមួយប្រទេសរុស្ស៊ីនៅឆ្នាំ ២០២៤ ។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភថា “បញ្ហា” រវាង Zelensky និង Zaluzhny “កំពុងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង យឺតយ៉ាវក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីមួយ” ។

យោងតាមអ្នកសម្របសម្រួលម្នាក់របស់ Bloomberg, សហរដ្ឋអាមេរិកត្រូវតែយល់យ៉ាងច្បាស់ អំពីផែនការរបស់ទីក្រុងគៀវ ដើម្បីកំណត់ “របៀបដែលវាអាចតម្រឹមការគាំទ្រ របស់ខ្លួនបានល្អបំផុត ដើម្បីជួយអ៊ុយក្រែនការពារខ្លួន នៅឆ្នាំខាងមុខនេះ” ។

Bloomberg បាននិយាយថា “ភាពតានតឹង” រវាងលោក Zelensky និង Zaluzhny បានកើតឡើង នៅក្នុងខែវិច្ឆិកា នៅពេលដែលឧត្តមសេនីយ៍ Zaluzhny បានបង្ហាញការខឹងសម្បារ ចំពោះប្រធានាធិបតីអ៊ុយក្រែន ដោយលោកបានពិពណ៌នាអំពីស្ថានភាព នៅលើសមរភូមិជាមួយរុស្ស៊ីថា ជាភាពជាប់គាំង នៅក្នុងបទសម្ភាសន៍ របស់គាត់ជាមួយ The Economist ។ ក្រោយមក Zaluzhny បានដកការអត្ថាធិប្បាយរបស់លោកវិញ ប៉ុន្តែ “ភាពតានតឹងនៅតែមាន បើទោះបីជាមានការអះអាងជាផ្លូវការថា ទំនាស់រវាងមេដឹកនាំត្រូវបានបង្រួបបង្រួមក៏ដោយ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top