ព័ត៌មានអន្តរជាតិ

អ្នកទោសជាង៦០នាក់ លួចរត់គេចចេញ ពីមជ្ឈមណ្ឌលឃុំខ្លួន នៅភាគខាងជើង នៃប្រទេសស្រីលង្កា

កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា លោកDarshana Hettiarachchi អគ្គស្នងការស្តារនីតិសម្បទា បានថ្លែងថា អ្នកទោសជាង៦០នាក់បានរត់គេច ពីមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា Kandakadu ដែលគ្រប់គ្រងដោយរដ្ឋ នៅក្នុងខេត្តភាគកណ្តាល នៅប៉ែកខាងជើងក្នុងប្រទេសស្រីលង្កា កាលពីយប់ថ្ងៃសុក្រ ។

លោក Hettiarachchi បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកទោសបានរត់គេចខ្លួន ស្របពេលមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកញៀនថ្នាំ២ក្រុម ហើយយ៉ាងហោចណាស់១៩នាក់ បានរងរបួសនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នា ។

លោកបានលើកឡើងទៀតថា មន្ត្រីអនុវត្តច្បាប់រួមជាមួយយោធា កំពុងព្យាយាមស្វែងរកទីតាំង និងចាប់ខ្លួនជនដែលរត់គេចខ្លួន ដោយបានបន្ថែមថា អ្នករត់គេចខ្លះត្រូវបានចាប់ខ្លួនរួចហើយដែរ ។

គួររំលឹកថា នៅក្នុងខែធ្នូ ឆ្នាំ២០២៣ អ្នកទោសជាង១៣០នាក់បាន រត់គេចពីកន្លែងនោះដែរ ហើយករណីនេះក៏បានកើតឡើង ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នា រវាងក្រុម២ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top