ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅកូឡុំប៊ី បណ្តាលឲ្យមនុស្សតិច បំផុត១៨នាក់បាត់បង់ជីវិត

ប៊ូហ្គូតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មនុស្សយ៉ាងហោចណាស់ចំនួន១៨នាក់ បានស្លាប់ និងរាប់សិបនាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងពេលមានគ្រោះបាក់ដីដ៏ខ្លាំងមួយ កើតឡើងនៅភាគពាយព្យ នៃប្រទេសកូឡុំប៊ី ។

បើតាមការលើកឡើង របស់លោក Francia Marquez អនុប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី បានថ្លែងនៅលើបណ្តាញ X អតីតបណ្តាញសង្គម Twitter ដោយបានដកស្រង់សម្តីដែលចេញផ្សាយបឋមថាយ៉ាងដូច្នេះ គ្រោះបាក់ដីបានកើតឡើង នៅលើផ្លូវមួយរវាងទីក្រុង Quibdo រដ្ឋធានីនៃតំបន់ Choco និង Medellin រដ្ឋធានីនៃតំបន់Antioquia ដោយមានមនុស្ស និងរថយន្តរាប់សិបគ្រឿងជាប់គាំង នៅក្នុងតំបន់ទំាងនោះ ។

លោក Jaime Herrera អភិបាលក្រុង Carmen de Atrato នៅក្នុងតំបន់ Choco បានលើកឡើងថា “មនុស្សចំនួន១៨នាក់ត្រូវបានកំណត់អត្តសញ្ញាណថា បានស្លាប់” ។ យោងតាមគេហទំព័រព័ត៌មាន La Prensa Latina បានឱ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើង នៅគ្រាដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការសង្គ្រោះកំពុងដំណើរការនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top