ព័ត៌មានអន្តរជាតិ

យូអិន ជំរុញឲ្យលីបង់ និងអ៊ីស្រាអែល កាត់បន្ថយភាពតានតឹង នៅតាមព្រំដែនរវាងប្រទេសទាំងពីរ

Xinhua

យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix បានជំរុញឱ្យប្រទេសលីបង់ និងអ៊ីស្រាអែល កាត់បន្ថយភាពតានតឹង នៅតាមព្រំដែនរបស់ពួកគេ។

លោក Lacroix បានធ្វើការហៅទូរស័ព្ទនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកទៅកាន់ប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារ សារព័ត៌មានជាតិរបស់ប្រទេសលីបង់។

លោក Lacroix បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបន្តជំរុញឱ្យតួអង្គទាំងអស់ បញ្ឈប់ការបាញ់ប្រហារ ព្រោះរាល់ថ្ងៃនៃការប្រឈមមុខគ្នា បង្កើនហានិភ័យនៃជម្លោះកាន់តែធំ និងកាន់តែសាហាវ” ។

ប្រធានផ្នែករក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភចំពោះ ការកើនឡើងនៅទូទាំងខ្សែបន្ទាត់ ពណ៌ខៀវដោយបានឲ្យដឹងថា “ជម្លោះបង្ហាញពីសក្តានុពល សម្រាប់ការកើនឡើងកាន់តែទូលំទូលាយ ដែលត្រូវតែជៀសវាង” ។

លោកបានបន្ថែមថា ចាប់តាំងពីការផ្ទុះអាវុធ រវាងភាគីទាំងសងខាងមក ជនស៊ីវិល និងអ្នកកាសែតរាប់សិបនាក់បានរងរបួស និងស្លាប់ ហើយទីតាំងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅតំបន់នោះ បានរងការវាយប្រហារជាច្រើនលើក ហើយកងរក្សាសន្តិភាពបីនាក់បានរងរបួស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top