ព័ត៌មានអន្តរជាតិ

វៀតណាម អះអាង គាំទ្រគោលនយោបាយ “ចិន តែមួយ” បន្ទាប់ពីការបោះឆ្នោត នៅកោះតៃវ៉ាន់

រូបភាពពី៖​ VN Express

បរទេស៖ ក្រសួងការបរទេសវៀតណាម បានអះអាងសារជាថ្មី អំពីស្ថិរភាពរបស់វៀតណាម ក្នុងការអនុវត្តគោលនយោបាយ “ចិនតែមួយ” និងការអភិវឌ្ឍទំនាក់ទំនងមិនមែនរដ្ឋាភិបាលជាមួយកោះតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃអាទិត្យនៅពេលសួរអំពីជំហររបស់វៀតណាមទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់ថា “ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ” វៀតណាមរក្សា និងអភិវឌ្ឍទំនាក់ទំនងប្រជាជន និងមិនមែនរដ្ឋាភិបាលជាមួយកោះតៃវ៉ាន់លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ អប់រំ … និងមិនអភិវឌ្ឍ។

លោកស្រី Hang បាននិយាយថា វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថា សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ ដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក។

លោក ឡៃ ឆឹងតេ អាយុ ៦៤ ឆ្នាំ តំណាងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានឈ្នះការបោះឆ្នោតថ្នាក់ដឹកនាំរបស់តៃវ៉ាន់កាលពីថ្ងៃសៅរ៍។ លោក ឡៃ បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Harvard ហើយបានងាកមកធ្វើនយោបាយនៅឆ្នាំ ១៩៩៦ ក្នុងអំឡុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ទីបី។

សារព័ត៌មាន AFP បានរាយការណ៍ថា លោកបានបម្រើការជាសមាជិកសភា និងបន្ទាប់មកជាអនុប្រធានាធិបតី ហើយ ដែលឥឡូវនេះលោកនឹងឡើងកាន់តំណែង។ លោកបានប្តេជ្ញាបន្តគោលនយោបាយរបស់លោកស្រី Tsai ក្នុងការកសាងសមត្ថភាពយោធារបស់កោះតៃវ៉ាន់ ជាការរារាំងការពារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top