ព័ត៌មានអន្តរជាតិ

Update៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី ប៉ើងផេះទៅលើមេឃជាង ១,៥០០ម៉ែត្រ

Xinhua

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ភ្នំភ្លើង Lewotobi Laki-Laki នៅលើកោះ Flores នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនៅថ្ងៃចន្ទនេះ នៅវេលាម៉ោងប្រហែល ១និង២០នាទីរសៀល ។

មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ ហៅកាត់ថា (PVMBG) របស់ប្រទេសនេះបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ម៉ោងក្នុងស្រុក ភ្នំភ្លើងនេះបានធ្វើឲ្យប៉ើងផេះឡើង ទៅលើកំពូលភ្នំដែលមានកម្ពស់ ១.៥០០ម៉ែត្រ ។

ភ្នំភ្លើង Lewotobi Laki-Laki បានស្ថិតនៅកម្រិតទី៤ ដែលជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត របស់ប្រទេសនេះដែលមានភ្នំភ្លើង គិតចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ដោយបង្ហាញថា ការផ្ទុះអាចគំរាមកំហែងដល់ការ តាំងទីលំនៅដែលនៅជុំវិញភ្នំភ្លើងនេះ ។

មជ្ឈមណ្ឌល PVMBG បានអំពាវនាវដល់សាធារណជន កុំឱ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ ៤គីឡូម៉ែត្រ គិតពីចំណុចកណ្តាលនៃការផ្ទុះ ដោយផ្នែកខ្លះដែលបានពង្រីកចម្ងាយ ៥គីឡូម៉ែត្រនៅភាគពាយព្យ និងភាគខាងជើង។ មជ្ឈមណ្ឌលក៏បានព្រមានផងដែរ អំពីសក្តានុពលនៃកម្អែរធាតុត្រជាក់ ដែលភាយចូលទៅក្នុងទន្លេនៅពីលើកំពូលភ្នំ ក្នុងករណីមានភ្លៀងធ្លាក់ចុះមកខ្លាំង ។

គេបានដឹងថា ដោយស្ថិតនៅកម្ពស់ប្រហែល១.៥៨៤ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ភ្នំភ្លើង Lewotobi Laki-Laki គឺជាភ្នំភ្លើងភ្លោះដែលមានមួយទៀតហៅថា Lewotobi Perempuan ដែលមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃកោះ Flores ។

គិតចាប់តាំងពីដើមខែនេះ មជ្ឈមណ្ឌល PVMBG បានកត់ត្រាពីការផ្ទុះភ្នំភ្លើងចំនួន ២៥ដងនៃភ្នំភ្លើង Lewotobi Laki-Laki ដែលធ្វើឱ្យភ្នំភ្លើងនេះក្លាយជាភ្នំភ្លើង ដែលមានការផ្ទុះច្រើនបំផុតនៅក្នុងឆ្នាំនេះ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top