ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធា ៖ ហ្វីលីពីន នឹងធ្វើការអភិវឌ្ឍន៍ ដែនកោះ ជាច្រើន នៅសមុទ្រចិនខាងត្បូង

BusinessWorld Online

ម៉ានីល៖ លោក Romeo Brawner មេបញ្ជាការយោធា នៅទីក្រុងម៉ានីល បានប្រាប់ដល់អ្នកយកព័ត៌មាន នៅថ្ងៃចន្ទនេះថា ហ្វីលីពីន នឹងអភិវឌ្ឍកោះ នៅដែនសមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ថា ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដើម្បីធ្វើឱ្យពួកគេមានជម្រក សម្រាប់កងទ័ព ។

គួរបញ្ជាក់ថា ផែនការនេះ បានកើតឡើងស្របពេល ដែលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងប្រទេសចិន ដែលប្រទេសទាំង២ បានទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង និងបានធ្វើការចោទប្រកាន់គ្នា ពីអាកប្បកិរិយាឈ្លានពាន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ។

ក្រុងម៉ានីល និងក្រុងប៉េកាំង មានប្រវត្តិជម្លោះដែនសមុទ្រ ដ៏យូរលង់នៅក្នុងផ្លូវទឹក ប៉ុន្តែទំនាក់ទំនងគ្នាបានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ជុំវិញឧប្បត្តិហេតុកើតឡើង ជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹង នាវាមកពីប្រទេសទាំង២ ។

ក្រៅពីតំបន់ទី២ Thomas Shoal ដែលគេស្គាល់ ក្នុងស្រុកថា Ayungin ហ្វីលីពីន បានកាន់កាប់ជាលក្ខណៈ ពិសេសចំនួន៨ផ្សេងទៀត នៅក្នុងដែនសមុទ្រចិនខាងត្បូង ហើយចាត់ទុកដែន កោះនេះជាផ្នែកមួយ នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនទៀតផង ។

លោក Brawner បានលើកឡើងដូច្នេះ ក្រោយពីបានចូលរួមសន្និសីទ បញ្ជាការដឹកនាំដោយប្រធានាធិបតី ហ្វីលីពីន Ferdinand Marcos Jr នៅទីស្នាក់ការកណ្តាលយោធាថា “យើងចង់ធ្វើឱ្យប្រសើរឡើង ទាំង៩តំបន់ ជាពិសេសកោះដែលយើង កំពុងកាន់កាប់តែម្តង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top