ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមវាយប្រហារ តាមអាកាសជាថ្មីទៀត ទៅលើប្រទេសយេម៉ែន ក្រោយពីដាក់ក្រុមឧទ្ទាមហួធី ជាអង្គការភេរវករ

Xinhua

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារជាថ្មី ប្រឆាំងនឹងគោលដៅដែលជាសកម្មប្រយុទ្ធ នៅទូទាំងប្រទេសយេម៉ែន កាលពីយប់ថ្ងៃពុធ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុមឧទ្ទាមហួធី ជាអង្គការភេរវករ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន CBS News និង Associated Press បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា កាំជ្រួចមីស៊ីលត្រូវបានបាញ់ចេញ ពីកប៉ាល់កងទ័ពជើងទឹកអាមេរិក ដែលឈរជើងនៅសមុទ្រក្រហម និងបានកំណត់គោលដៅដែល “ត្រៀមខ្លួនសម្រាប់ការវាយប្រហារ” ហើយទីតាំងជាច្រើនត្រូវបានគេនិយាយថា ត្រូវបានវាយប្រហារនៅក្នុងការវាយប្រហារនោះ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាម ហួធី បានវាយប្រហារលើកប៉ាល់ដឹកទំនិញ Genco Picardy ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅឈូងសមុទ្រ Aden កាលពីព្រឹកថ្ងៃពុធ ដោយអ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធ Yahya Sarea បានអះអាងថា “ការប៉ះទង្គិចដោយផ្ទាល់” លើនាវាដឹកទំនិញនោះ។

អ្នកនាំពាក្យបន្តថា “កងកម្លាំងទ័ពជើងទឹកនឹងមិនស្ទាក់ស្ទើរ ក្នុងការកំណត់គោលដៅនៃការ គំរាមកំហែងទាំងអស់នៅក្នុងសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ក្នុងសិទ្ធិស្របច្បាប់ដើម្បីការពារប្រទេសយេម៉ែន និងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានជិះជាន់នោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top