ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ រៃអង្គាស​ប្រាក់​ជាង ១៧​លាន​ដុល្លារ ​សម្រាប់​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​

Kyodo

តៃប៉ិ៖ ក្រសួងសុខភាព និងសុខុមាលភាពរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា តៃវ៉ាន់បានរៃអង្គាសប្រាក់បានជាង ៥៤០ លានដុល្លារតៃវ៉ាន់ (១៧,២លានដុល្លារ) ពីវិស័យឯកជននៅក្នុងយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយប្រទេសជប៉ុន ឱ្យងើបឡើងវិញពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កាលពីបីសប្តាហ៍មុនដែលបាន សម្លាប់មនុស្សជាង ២០០នាក់។

ក្នុងអំឡុងពេលយុទ្ធនាការរយៈពេលពីរសប្តាហ៍ រហូតដល់ថ្ងៃសុក្រសប្តាហ៍មុននេះ ទឹកប្រាក់ត្រូវបានរៃអង្គាស ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់បានផ្តល់ជំនួយ ដល់ប្រទេសជប៉ុនចំនួន ៦០លានយ៉េន (៤០៥,០០០ដុល្លារ) ដើម្បីជួយដល់គ្រោះមហន្តរាយនេះ។

ក្រុមហ៊ុនមេរបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុន Cathay Financial Holdings ដែលជាក្រុមហ៊ុនផ្តល់សេវា ហិរញ្ញវត្ថុធំមួយនៅតៃវ៉ាន់ បានចំណាយប្រាក់ចំនួន ៦០លានយ៉េន ដោយបន្ថែមថា ខ្លួនសង្ឃឹមថា នឹងជួយអ្នកទាំងអស់ ដែលរងផលប៉ះពាល់សាងសង់ផ្ទះ របស់ពួកគេឡើងវិញ និងឆ្លងកាត់ពេលវេលាដ៏លំបាក។

គ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារឧបទ្វីបណូតូ ក្នុងខេត្ត អ៊ីស៊ីកាវ៉ា ប្រឈមមុខនឹងសមុទ្រជប៉ុន កាលពីថ្ងៃទី១ ខែមករា ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច ២៣៣ នាក់ និងបាត់ខ្លួនជាង ២០ នាក់ គិតត្រឹមថ្ងៃអាទិត្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top