ព័ត៌មានអន្តរជាតិ

យោធាអាមេរិកនិយាយថា ក្រុមឧទ្ទាមហួធីបាញ់មីស៊ីល៣គ្រាប់ មកលើនាវាដឹកទំនិញរ ដែលគ្រប់គ្រង និងដំណើរការដោយអាមេរិក ពេលកំពុងឆ្លងកាត់ឈូង សមុទ្រ Aden

VOA News

បរទេស ៖ ក្រុមសកម្មប្រយុទ្ធ ហួធី ដែលគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃពុធ បានបើកការវាយប្រហារថ្មី លើនាវាដឹកជញ្ជូនទំនិញនៅក្នុងឈូងសមុទ្រ Aden ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ទុកជាមុនដើម្បីទប់ស្កាត់នូវអ្វី ដែលខ្លួនបាននិយាយថា ជាការវាយប្រហារ ដែលជិតមកដល់លើផ្លូវដឹកជញ្ជូន នៅក្នុងសមុទ្រក្រហម ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលមានកម្លាំងនៅក្រៅប្រទេស របស់សហរដ្ឋអាមេរិកនៅមជ្ឈឹមបូព៌ាបាននិយាយ កាលពីល្ងាចថ្ងៃពុធនេះថា នាវាពិឃាតផ្ទុកមីស៊ីល នាំផ្លូវរបស់សហរដ្ឋអាមេរិកបានបាញ់ ទម្លាក់មីស៊ីលផ្លោងប្រឆាំងនាវា២គ្រាប់ ដែលសំដៅទៅកាន់ កប៉ាល់ M/V Maersk Detroit ដែលជាកប៉ាល់កុងតឺន័រ គ្រប់គ្រង និងដំណើរការដោយសហរដ្ឋអាមេរិក ដែលកំពុងឆ្លងកាត់ ឈូងសមុទ្រ Aden ។ ចំណែកគ្រាប់មីស៊ីល ទីបីបានធ្លាក់ចូលទៅក្នុងសមុទ្រ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ខណៈពេលដែលការវាយប្រហារ ចុងក្រោយនេះមិនបណ្តាល ឱ្យមានរបួស ឬខូចខាតដល់កប៉ាល់កុងតឺន័រនោះទេ វាបង្ហាញថា ក្រុមឧទ្ទាម ហួធី មិនទាន់ត្រៀមខ្លួនជាស្រេច ក្នុងការដកថយនោះទេ។

លោកឧត្តមសេនីយ៍ Pat Ryder លេខាធិការព័ត៌មាន របស់មន្ទីរបញ្ចកោណ បានប្រាប់ VOA ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា “ប្រសិនបើពួកគេមិន បញ្ឈប់ទេ យើងនឹងបន្តចាត់វិធានការចាំបាច់” ។ “ប៉ុន្តែគោលដៅរបស់យើងនៅទីនេះ គឺមិនមែនដើម្បីមើលឃើញការកើនឡើង នៃភាពតានតឹងនោះទេ។ តាមពិតវាផ្ទុយពីនេះ វាជាការធ្វើឱ្យស្ថានការណ៍ តានតឹង ត្រូវកាត់បន្ថយ និងធានាថាការដឹកជញ្ជូន និងនាវាអន្តរជាតិអាចឆ្លង កាត់ផ្លូវទឹកនេះដោយសុវត្ថិភាព»។

ប៉ុន្មានម៉ោងមុនការវាយប្រហារ ចុងក្រោយ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានបើកការវាយប្រហារទុក ជាមុននៅក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាម ហួធី ដោយបានបំផ្លាញមីស៊ីលប្រឆាំងនាវាចំនួនពីរ ដែលត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅលើការដឹកជញ្ជូន អន្តរជាតិនៅក្នុងសមុទ្រក្រហម។

យោងតាមសេចក្តីថ្លែងការណ៍ របស់ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កាំជ្រួចមីស៊ីលទាំងនោះ “បានបង្ហាញពីការគម្រាមកំហែង ដល់កប៉ាល់ពាណិជ្ជករ និងកប៉ាល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងតំបន់”៕
ប្រែសម្រួលៈ ណៃ តុលា

To Top