ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី និងអធិការបតីអាល្លឺម៉ង់ ពិភាក្សាគ្នាអំពីការគាំទ្រផ្នែកការពារជាតិ សម្រាប់អ៊ុយក្រែន

AFP

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានជួបពិភាក្សាអំពីការគាំទ្រ ផ្នែកការពារជាតិ សម្រាប់អ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ។

សេវាសារព័ត៌មានប្រធានាធិបតី បានរាយការណ៍ថា ហ្សេឡិនស្គី បានជូនដំណឹងដល់លោក Scholz អំពីស្ថានភាពបច្ចុប្បន្ននៅជួរមុខ និងតម្រូវការអាទិភាពរបស់យោធាអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតីបានថ្លែងអំណរគុណ ចំពោះអធិការបតី ចំពោះការខិតខំប្រឹងប្រែងរបស់លោក ក្នុងគោលបំណងធានានូវការគាំទ្រ រយៈពេលវែងសម្រាប់អ៊ុយក្រែន និងការបង្កើនជំនួយការពារជាតិដល់ទៅ ៨ ពាន់លានអឺរ៉ូ (ប្រហែល ៨) ៧ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ។

ជាពិសេស លោក ហ្សេឡិនស្គី បានសរសើរការសម្រេចចិត្ត នាពេលថ្មីៗនេះរបស់អាល្លឺម៉ង់ ក្នុងការផ្ទេរឧទ្ធម្ភាគចក្រ Sea King Mk41 ចំនួន ៦គ្រឿងទៅកាន់អ៊ុយក្រែន។

ភាគីនានាក៏បានពិភាក្សាលម្អិត អំពីលទ្ធភាពក្នុងការពង្រឹងប្រព័ន្ធ ការពារដែនអាកាសរបស់អ៊ុយក្រែន និងផ្តល់ឱ្យប្រទេស នៅអឺរ៉ុបខាងកើតនូវកាំភ្លើងធំ និងរថពាសដែក។ ការរៀបចំកិច្ចព្រមព្រៀង ស្តីពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរវាងអ៊ុយក្រែន និងអាល្លឺម៉ង់ គឺជាប្រធានបទមួយផ្សេងទៀតនៃកិច្ចពិភាក្សា។

ក្នុងឆ្នាំ២០២៣ អាល្លឺម៉ង់បានផ្តល់ជំនួយយោធាចំនួន ៥,៤ពាន់លានអឺរ៉ូ (ប្រហែល ៥,៩ពាន់លានដុល្លារអាមេរិក) ជាជំនួយយោធា សម្រាប់អ៊ុយក្រែន បន្ទាប់ពី ២ពាន់លានអឺរ៉ូ (ប្រហែល ២,២ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២២៕

ប្រែសម្រួល ឈូក បូរ៉ា

To Top