ព័ត៌មានអន្តរជាតិ

Update៖ រកឃើញប្រអប់ខ្មៅ ចំនួន២របស់យន្តហោះ ដឹកជញ្ជូនយោធា របស់រុស្ស៊ី Il-76 ក្រោយពីមានគេបាញ់ ទម្លាក់នៅតំបន់ Belgorod

AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រអប់ខ្មៅទាំង២របស់យន្តហោះដឹកជញ្ជូនយោធា Il-76 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានគេបាញ់ទម្លាក់ ត្រូវបានរកឃើញនៅកន្លែងធ្លាក់ នៅក្នុងតំបន់ Belgorod ។

សារព័ត៌មាន Sputnik បានផ្សាយដោយបានដកស្រង់សម្តី ពីក្រុមសេវាកម្មសង្គ្រោះបន្ទាន់ ដែលបានលើកឡើងថា “ប្រអប់ខ្មៅទាំង២ត្រូវបានរកឃើញ ដែលជាឧបករណ៍ថត ទិន្នន័យរបស់ហោះហើរ និងឧបករណ៍ថតសំឡេង” ។

ប្រអប់ខ្មៅដែលបានរកឃើញទាំងនេះ ត្រូវបានប្រគល់ទៅឱ្យអ្នកស៊ើបអង្កេត ។ នេះបើយោងតាមក្រុមសេវាសង្គ្រោះបន្ទាន់ បានលើកឡើងដូច្នេះ ។

នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់សមាជិកសភារុស្ស៊ី ដែលបានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន នឹងបន្តផ្លាស់ប្តូរអ្នកទោសសង្គ្រាម ទោះបីជាមានការបាញ់ទម្លាក់យន្តហោះ យោធារុស្ស៊ីក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top