ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក ៣នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយសារការវាយប្រហារ ពីយន្តហោះគ្មានមនុស្សបើក

AFP

បរទេស៖ ប្រធានាធិបតី Joe Biden បានប្រកាសថា ទាហានអាមេរិក ៣នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅពេលយប់ នៅក្នុងប្រទេសហ្ស៊កដានី។ ការវាយប្រហារលើប៉ុស្តិ៍កងទ័ពអាមេរិក គឺតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃអាទិត្យ គឺបានរាយបញ្ជីចំនួនបុគ្គលិកអាមេរិកដែលរងរបួសក្នុងការវាយប្រហារ។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយសេតវិមានកាលពីថ្ងៃអាទិត្យថា “កាលពីយប់មិញ សមាជិកសេវាកម្មអាមេរិក៣នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងអំឡុងពេលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មកលើកងកម្លាំងរបស់យើង ដែលឈរជើងនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី។ លោកបន្តថា «ខណៈពេលដែលយើងនៅតែប្រមូលការពិតនៃការវាយប្រហារនេះ យើងដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា នៅមុនថ្ងៃសុក្រ មានការវាយប្រហារយ៉ាងហោចណាស់ ១៥៨ លើសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការភាគច្រើនមិនបានបង្កការគំរាមកំហែងធ្ងន់ធ្ងរ ឬបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធធំដុំនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top