ព័ត៌មានអន្តរជាតិ

ព្រឹកនេះ កម្រិតខ្យល់នៅទីក្រុងបាងកក ស្ថិតក្នុងសភាពមិនល្អ ដែលទាមទារឱ្យពាក់ម៉ាសការពារ

Xinhua

បរទេស៖ សន្ទស្សន៍គុណភាពខ្យល់ PM2.5 ថ្ងៃទី ២៩ ខែមករា នៅសង្កាត់ចំនួន ៦៨ ក្នុងទីក្រុងបាងកក ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ដែលជាកម្រិតមិនល្អ ដែលត្រូវបានកំណត់ថាលើសពី 37.5 មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m3)។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង គុណភាពខ្យល់របស់រដ្ឋបាលក្រុងបាងកក, គិតត្រឹមម៉ោង៧ ព្រឹក ថ្ងៃទី២៩ ខែមករា កំហាប់ PM 2.5 ជាមធ្យមនៅទីក្រុងបាងកកគឺ 48.6 µg/m3 ។ កម្រិតនេះស្ថិតក្នុងប្រភេទកម្រិតពណ៌ទឹកក្រូច ដែលមានន័យថា ជាគុណភាពខ្យល់មិនល្អ សម្រាប់ក្រុមដែលងាយរងគ្រោះ។

មជ្ឈមណ្ឌលបានណែនាំ ប្រជាជននៅទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុង ឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ ជាពិសេស មនុស្សចាស់ កុមារតូច ឬ អ្នកដែលមានបញ្ហាផ្លូវដង្ហើម។

មជ្ឈមណ្ឌលក៏បានណែនាំឲ្យ ប្រជាពលរដ្ឋពាក់ម៉ាស់ ពេលដែលចេញទៅក្រៅ ជាពិសេសប្រសិនបើគុណភាពខ្យល់ ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ឬក្រហម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top