យូអិន៖ ទេសចរណ៍សកលទំនង ជានឹងសម្រេចបាននូវការងើបឡើងវិញ ពេញលេញពីភាពតក់ស្លុត នៃមេរោគកូវីដ-១៩ នៅឆ្នាំ២០២៤ ដោយតំបន់អាស៊ីប៉ាស៊ីហ្វិក បានដើរយឺត ជាងទិសដៅផ្សេងទៀត ក្នុងចំនួនអ្នកទេសចរ នេះបើយោងតាមការប៉ាន់ស្មាន ដោយទីភ្នាក់ងារអង្គការ សហប្រជាជាតិ ។
កាលពីឆ្នាំមុន មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២៩ពាន់លាននាក់នៅទូទាំងពិភពលោក ប្រហែល ៨៨ភាគរយនៃចំនួននៅឆ្នាំ២០១៩ ដែលដឹកនាំដោយការងើបឡើងវិញយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា ដែលបានរាយការណ៍ថា មានការកើនឡើង ២២ ភាគរយនៅក្នុងការមកដល់ធៀបនឹង ៤ឆ្នាំមុន ។
បើប្រៀបធៀបនឹងកម្រិតឆ្នាំ២០១៩ ការមកដល់របស់ភ្ញៀវទេសចរ កាលពីឆ្នាំមុនបានងើបឡើងវិញដល់ ៩៤ភាគរយនៅអឺរ៉ុប ៩៦ភាគរយនៅអាហ្វ្រិក និង ៩០ភាគរយនៅអាមេរិក នេះបើយោងតាមអង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិ។
តួលេខដែលត្រូវគ្នាសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិកគឺ ៦៥ ភាគរយ ដោយប្រទេសម៉ាល់ឌីវ និងហ្វីជី ស្ថិតក្នុងចំណោមទិសដៅដែលចូលចិត្ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការស្ទុះងើបឡើងវិញមានភាពយឺតយ៉ាវនៅក្នុងតំបន់អាស៊ីឦសាន ដែលរួមមានប្រទេសជប៉ុន និងចិន ជាមួយនឹងតម្រូវការត្រឡប់ទៅប្រហែល ៥៥ភាគរយនៃកម្រិតឆ្នាំ២០១៩ ។
ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ប្រទេសជប៉ុនបានស្វាគមន៍ការ មកដល់របស់ភ្ញៀវទេសចរចំនួន ២៥,០៧លាននាក់កាលពីឆ្នាំមុន ប្រហែល ៨០ ភាគរយនៃកម្រិតក្នុងឆ្នាំ២០១៩ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ដោយសារតែប្រាក់យ៉េនខ្សោយ បានធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅ ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស ៕
ប្រែសម្រួល ឈូក បូរ៉ា