ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ ថ្កោលទោស សេចក្តីថ្លែងការណ៍ របស់លោក Trump

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ការអត្ថាធិប្បាយមិនសមរម្យ របស់អតីតប្រធានាធិបតីអាមេរិក Donald Trump អំពីការខកខាន របស់សមាជិកណាតូ ក្នុងការបង់ចំណែករបស់ពួកគេ នៃការចំណាយលើវិស័យការពារជាតិ បានធ្វើឱ្យសម្ព័ន្ធមិត្តទាំងមូល ប្រឈមនឹងហានិភ័យ។

លោកបាននិយាយថា៖ ការផ្តល់យោបល់ណាមួយ ដែលសម្ព័ន្ធមិត្ត នឹងមិនការពារគ្នាទៅវិញទៅមក ធ្វើឱ្យខូចដល់សន្តិសុខរបស់យើងទាំងអស់ រួមទាំងសហរដ្ឋអាមេរិក និងធ្វើឱ្យទាហានអាមេរិក និងអឺរ៉ុបមានហានិភ័យកើនឡើង ហើយប្លុកនេះនៅតែ ត្រៀមខ្លួនជាស្រេច និងអាចការពារសម្ព័ន្ធមិត្តទាំងអស់។

ថ្លែងទៅកាន់អ្នកចូលរួម និងគាំទ្រនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ លោក Trump បានស្នើថា ក្រុងវ៉ាស៊ីនតោនអាចនឹងចាកចេញពីសមាជិកណាតូ ដែលមិនបានបង់ថ្លៃសមាជិកភាពរបស់ខ្លួន ដើម្បីការពារខ្លួនក្នុងករណីមានការវាយប្រហារ ដើម្បីបង្រៀនមេរៀនអំពី ការទទួលខុសត្រូវសារពើពន្ធ។

លោក Trump បាននិយាយថា៖អ្នកមិនបានបង់ប្រាក់? តើអ្នកវង្វេងស្មារតីមែនទេ? ទេ ខ្ញុំនឹងមិនការពារអ្នកទេ។ តាម​ពិត ខ្ញុំ​ចង់​លើក​ទឹក​ចិត្តរុស្ស៊ី ឲ្យ​ធ្វើ​អ្វី​ដែល​គេ​ចង់​បាន។ អ្នកត្រូវបង់ប្រាក់។ អ្នកត្រូវបង់វិក្កយបត្ររបស់អ្នក។

គួរឲ្យដឹងដែរថា សមាជិកណាតូ បានសន្យា ក្នុងឆ្នាំ២០១៤ ថានឹងចំណាយ២ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់ពួកគេលើវិស័យការពារជាតិ នៅឆ្នាំ២០២៥ ប៉ុន្តែមកដល់ពេលនេះ មានតែ ១០ប៉ុណ្ណោះ នៃសមាជិក៣០ប្រទេស របស់ប្លុកប៉ុណ្ណោះ ដែលបានបំពេញកាតព្វកិច្ចទាំងនោះ ហើយ ១៣ប្រទេសកំពុងចំណាយ ១,៥ភាគរយ នៃ GDP ឬតិចជាងកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top