ព័ត៌មានអន្តរជាតិ

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ចោទកប៉ាល់របស់ចិន ពីការធ្វើសកម្មភាពគ្រោះថ្នាក់ ក្នុងអំឡុងពេលល្បាត នៅសមុទ្រចិនខាងត្បូង

Xinhua

បរទេស៖ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនកាលពីថ្ងៃអាទិត្យ បានចោទកប៉ាល់ចិនពីការធ្វើសកម្មភាព “គ្រោះថ្នាក់” ក្នុងអំឡុងពេលជិះល្បាតរយៈពេលប្រាំបួនថ្ងៃ នៅជិតថ្មប៉ប្រះទឹកមួយ នៅឆ្នេរសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់ហ្វីលីពីន BRP Teresa Magbanua ត្រូវបានបញ្ជូនកាលពីដើមខែកុម្ភៈ ដើម្បីល្បាតដែនទឹកជុំវិញតំបន់ Scarborough Shoal ដែលជាកន្លែងនេសាទដ៏សម្បូរបែប នៅសមុទ្រចិនខាងត្បូង និងផ្តល់ការផ្គត់ផ្គង់ដល់អ្នកនេសាទហ្វីលីពីន និងធានាសុវត្ថិភាពរបស់ពួកគេ។

តំបន់ថ្មប៉ប្រះទឹកនេះ គឺជាចំណុចប្រទាក់ក្រឡា ដណ្តើមគ្នារវាងប្រទេសនានា ចាប់តាំងពីប្រទេសចិន បានដណ្តើមយកតំបន់នេះពីហ្វីលីពីន ក្នុងឆ្នាំ២០១២។

ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានដាក់ពង្រាយ កប៉ាល់ល្បាត ដែលទីក្រុងម៉ានីលនិយាយថា យាយីកប៉ាល់ហ្វីលីពីន និងរារាំងអ្នកនេសាទហ្វីលីពីន មិនឱ្យទៅដល់តំបន់ដែលមានត្រីច្រើនលើសលុប។

ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលល្បាត នាវាឆ្មាំសមុទ្រចិន (CCG) “បានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ និងរារាំងនៅសមុទ្រប្រឆាំងនឹង BRP Teresa Magbanua បួនដង ដោយនាវា CCG បានឆ្លងកាត់ចុះរបស់នាវា PCG ពីរដង” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top