ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Elon Musk ថា គ្មានផ្លូវឡើយដែលថា រុស្ស៊ី នឹងចាញ់សង្គ្រាមជាមួយអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX បាននិយាយថា “គ្មានផ្លូវនោះទេ” ដែលរុស្ស៊ីនឹងទទួលបរាជ័យក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែននោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Musk ដែលជាអ្នកមានជាងគេបំផុតរបស់ពិភពលោកបានធ្វើអត្ថាធិប្បាយបែបនេះ កាលពីថ្ងៃចន្ទក្នុងអំឡុងពេលពិភាក្សាអំពីសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាដែលមានគោលបំណងផ្តល់ជំនួយបន្ថែមរបស់សហរដ្ឋអាមេរិកដល់ទីក្រុងគៀវ នៅលើ X Spaces ដែលជាផ្នែកនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក គឺ X (អតីត Twitter) ។

លោក Elon Musk បានចូលរួមដោយមនុស្សមួយចំនួនទៀត ដែលប្រឆាំងនឹងការផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន រួមទាំងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Ron Johnson, លោក JD Vance និង លោក Mike Lee និងអតីតបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក លោក Vivek Ramaswamy និងសហគ្រិន David Sacks ។

ប្រធានក្រុមហ៊ុនផលិតរថយន្តម៉ាក Tesla និង SpaceX បាននិយាយថា ដូចដែលបានដកស្រង់ដោយ Bloomberg ថា “ការចំណាយនេះ មិនជួយដល់អ៊ុយក្រែនទេ។ ការអូសបន្លាយសង្រ្គាម មិនជួយអ៊ុយក្រែននោះទេ” ។

លោកបានជំរុញឱ្យពលរដ្ឋអាមេរិកទាក់ទងតំណាងជាប់ឆ្នោតរបស់ពួកគេអំពីសំណើចំណាយបន្ទាន់ចំនួន ៩៥ ពាន់លានដុល្លារ ដែលរួមមាន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក៏ដូចជាការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល និងកោះតៃវ៉ាន់។

សេចក្តីព្រាងច្បាប់ថវិកានេះបានអនុម័តព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានការលំបាកនៅក្នុងសភាតំណាងរាស្រ្ត ដែលការប្រឆាំងចំពោះការផ្តល់មូលនិធិបន្ថែមសម្រាប់ទីក្រុងគៀវគឺខ្លាំងជាងក្នុងចំណោមអ្នកសាធារណរដ្ឋ។ ពួកគេកំពុងទាមទារបង្កើនការចំណាយលើសន្តិសុខនៅព្រំដែនអាមេរិក-ម៉ិកស៊ិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top