ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន ”នឹងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី ដល់ពិភពលោក

បិទ “អក្សរ Fu របស់ចិន” បំភ្លឺ“ចង្កៀងពណ៌ក្រហមរបស់ចិន” និងលោត“មុងសាយចិន”។ល។ ខណៈពេលតំបន់នានារបស់ចិនអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរោង តំបន់នានាលើពិភពលោកក៏បានរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមរយៈរបៀបផ្សេងៗគ្នាដែរ ។

រដ្ឋបាលក្រុង Makati ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុហ្វីលីពីនបានរៀបចំធ្វើសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមចន្ទគតិ ស្ពាន Holy Trinity លើទន្លេ Neva ដែលស្ថិតនៅកណ្តាលទីក្រុង Saint Petersburg របស់រុស្ស៊ីបានបំភ្លឺពណ៌ក្រហមចិន មជ្ឈមណ្ឌលវប្បធម៌ចិននៃក្រុងស៊ីដនីនិងសមាគមន៍បេតិកភ័ណ្ឌវប្បធម៌ជនជាតិចិនរបស់អូស្ត្រាលីបានរួមគ្នារៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រោមចំណងជើងថា “ឆ្នាំរោងមហាសំណាង ពិភពលោកប្រកបដោយភាពចុះសម្រុងគ្នា”។ល។ អ្នកផងទាំងពួងរំពឹងថា “សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន”អាចនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីដល់ពិភពលោក ។

ឆ្នាំរោងជាឆ្នាំថ្មីប្រពៃណីតាមចន្ទគតិចិនទីមួយបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានកំណត់ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ។ ក្នុងនាមជាតួអង្គសំខាន់នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីតាមចន្ទគតិចិន “នាគចិន”ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ។ ពេលថ្មីៗកន្លងទៅនេះ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិនិងរូបិយវត្ថុអន្តរជាតិបានថ្លែងថា ក្នុងវប្បធម៌អាស៊ីជាច្រើន នាគគឺជានិមិត្តរូបដ៏មហិមានៃកម្លាំង ភាពក្លាហាន និងវិបុលភាព ។ ទន្ទឹមនឹងនាគរាជហោះហើរ យើងក៏ឈានទៅរកកម្រិតថ្មី និងក្រសោបឱកាសនៃកំណើន វិបុលភាពនិងសន្តិភាព ។

ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិនបានចេញផ្សាយ《របាយការណ៍ស្ទាបស្ទង់បរិយាកាសធុរកិច្ចពាណិជ្ជកម្មចិនឆ្នាំ២០២៤》ដោយបង្ហាញថា សហគ្រាសអាមេរិកដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន៥០ភាគរយចាត់ទុកប្រទេសចិនថា ជាគោលដៅវិនិយោគដំបូងគេឬឈរនៅលំដាប់៣លេខខាងមុខលើទូទាំងពិភពលោក សហគ្រាសដែលចូលរួមផ្ដល់បទសម្ភាសន៍ភាគច្រើននឹងបន្តរក្សាការវិនិយោគនៅប្រទេសចិន ។ លោក Xiong Yi ប្រធានសេដ្ឋវិទូចិននៃធនាគារ Deutsche បានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិននៅតែជាកម្លាំងចលករដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចសកលដដែល ។

តាមការផ្សាយដំណឹងនៃវេបសាយ 《Lianhezaobao》 របស់សិង្ហបុរីកាលពីថ្ងៃទី១០ខែកុម្ភៈឱ្យដឹងថា លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរីបានថ្លែងនៅពេលចូលរួមសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលរៀបចំដោយសភាពាណិជ្ជកម្មចិននៃសិង្ហបុរីនិងអង្គការ Business China ដែលជាអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី១០ខែកុម្ភៈថា ខណៈពេលដែលមជ្ឈដ្ឋានខាងក្រៅកាន់អាកប្បកិរិយាសង្ស័យកាន់តែច្រើនឡើងៗចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន អ្នកផងទាំងពួងត្រូវសម្លឹងមើលសភាពទូទៅ ស្គាល់ច្បាស់ថាការប្រកួតប្រជែងនិងឧត្តមភាពនៅលាយលំគ្នា ។ រីឯសមត្ថភាពជាមូលដ្ឋានរបស់ចិនគឺមិនបាច់សង្ស័យឡើយ ហើយក៏បានបង្កើននិងពង្រឹងជាបន្តបន្ទាប់ផងដែរ ។

បកទៅមើលឆ្នាំ២០២៣វិញ ការប៉ាន់ប្រមាណសម្រាប់គោលដៅសំខាន់នៃសេដ្ឋកិច្ចចិនត្រូវបានសម្រេចយ៉ាងគាប់ប្រសើរ ។ សម្លឹងមើលឆ្នាំថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចចិននៅតែប្រឈមមុខនឹងការលំបាកនិងការប្រកួតប្រជែងមួយចំនួនដដែល ប៉ុន្តែព្រមពេលជាមួយនេះ ក៏មានឧត្តមភាពខាងការប្រកួតប្រជែងដែលប្រកបដោយភាពធន់និងកម្លាំងច្នៃប្រឌិតថ្មីដ៏ខ្លាំងក្លាផងដែរ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើទូទាំងពិភពលោក ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិនបានឡើងដល់៥,២ភាគរយ ចំនួនផលិតស្បៀងសរុបបានបំបែកកំណត់ត្រាថ្មី ហើយឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ។ សេដ្ឋកិច្ចចិននៅតែមានកម្លាំងដ៏រឹងមាំដដែល ហើយក៏ជា “យុថ្កាសម្រាប់លំនឹងនាវា”ដ៏សំខាន់នៃសេដ្ឋកិច្ចពិភពលោកដែរ ។

ពេលថ្មីៗកន្លងទៅនេះ លោក Zhang Jianping អនុប្រធានគណៈកម្មាធិការវិជ្ជាឯកទេសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ឆ្នាំ២០២៤ សេដ្ឋកិច្ចចិននៅតែនឹងរីកចម្រើនទៅមុខប្រកបដោយស្ថិរភាព ដោយបន្តរក្សានិន្នាការកើនឡើងដោយល្បឿនមធ្យមនិងលឿន ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលដឹកនាំនិងជំរុញដោយការច្នៃប្រឌិតថ្មី ។ មុខរបរថ្មី រូបមន្តថ្មីនិងកម្លាំងចលករថ្មីបានរីកចម្រើនជាបន្តបន្ទាប់ សមាមាត្រនៃ “សេដ្ឋកិច្ចថ្មីចំនួនបី”នេះក្នុងបរិមាណសរុបនៃសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់ ដែលបន្ថែមកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចប្រទេសចិន ។

“ក្រឡេកមើលទៅទូទាំងពិភពលោក ទិដ្ឋភាពទីនេះនៅតែស្រស់ស្អាតដដែល” លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានវាយតម្លៃសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្នបែបនេះក្នុងពិធីសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៤ ។ “ទិដ្ឋភាព”នេះគឺការប្រើប្រាស់មានកំណើនឡើងវិញនិងបន្តកើនឡើង ។ មើលស្ថានីយរថភ្លើងនិងព្រលានយន្តហោះសុទ្ធតែមានអ្នកដំណើរជាច្រើនអ៊ូអរ ហើយមើលតំបន់ទេសភាព រោងកុននិងសារមន្ទីរក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ ។ បោះជំហានចូលក្នុង “យុគសម័យលើកលែងទិដ្ឋការ”ជាមួយប្រទេសកាន់តែច្រើនឡើងៗ ចំនួនអ្នកទេសចរដែលចេញចូលដែនចិនសុទ្ធតែកើនឡើងយ៉ាងខ្លាំង វេទិកាធុរកិច្ចអេឡិចត្រូនិកនិងផ្សារទំនើបមិនឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឡើយ។ ឆ្នាំរោងបានចូលមកដល់ ប្រទេសចិនក្នុងយុគសម័យថ្មីមុខជានឹងត្រួសត្រាយ “ទិដ្ឋភាព”កាន់តែល្អបវរជាមិនខាន!

To Top