ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី៖ ចិន នឹង​បន្ត​តួនាទី​ស្ថាបនា​ ក្នុង​ការ​ស្តារ​សន្តិភាព​ នៅ​អ៊ុយក្រែន

Xinhua

ម៊ុយនិក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបញ្ចប់ជម្លោះនៅដំណាក់កាលដំបូង និងការស្ដារឡើងវិញនូវសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ហើយនឹងមិនបោះបង់ចោលឡើយ ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលជួប ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងម៊ុយនិក ដែលកំពុងតែប្រព្រឹត្តទៅ។

ដោយកត់សម្គាល់ថា ប្រទេសចិន និងអ៊ុយក្រែនឈានដល់ភាព ជាដៃគូយុទ្ធសាស្ត្រជាច្រើនឆ្នាំកន្លងមក ហើយប្រជាជនទាំងពីរមាន ទំនាក់ទំនងមិត្តភាពជាប្រពៃណី លោក វ៉ាង យី បានឲ្យដឹងថា ទោះបីជាស្ថានភាពអន្តរជាតិ ផ្លាស់ប្តូរយ៉ាងណាក៏ដោយ ប្រទេសចិន សង្ឃឹមថាទំនាក់ទំនងជាមួយអ៊ុយក្រែន នឹងអភិវឌ្ឍជាធម្មតា និងបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។

លោក​បាន​ថ្លែង​អំណរគុណ​ជាថ្មី​ម្តងទៀត​ ចំពោះ​ភាគី​អ៊ុយក្រែន ដែល​បាន​ជួយ​បុគ្គលិក​ចិន​ជម្លៀស​ ដោយ​សុវត្ថិភាព​ក្នុង​គ្រា​អាសន្ន ដោយ​លោក​បាន​និយាយ​ថា​ប្រជាជន​ចិន នឹង​មិន​ភ្លេច​ឡើយ។

លោកបានពន្យល់យ៉ាងលម្អិត អំពីជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ចិនប្រកាន់ខ្ជាប់នូវការដោះស្រាយ នយោបាយនៃបញ្ហាចំណុចក្តៅ និងជំរុញការចរចាសន្តិភាព ហើយមិនញញើតភ្លើង ចំណេញពីស្ថានការណ៍ ឬលក់អាវុធដ៍សាហាវដល់តំបន់ និងភាគីពាក់ព័ន្ធក្នុងជម្លោះឡើយ។

ចំណែក​ឯ​លោក Kuleba បាន​ឲ្យដឹងថា អ៊ុយក្រែន​មាន​ឆន្ទៈ​ក្នុង​ការ​រក្សា​ ការ​ផ្លាស់ប្តូរ​មិត្តភាព​ជាមួយ​ប្រទេស​ចិន និង​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top