ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយនឹង រថយន្តផលិតដោយរុស្ស៊ី សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន របស់លោក ចំពេលទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានឲ្យដឹងថា អំណោយនេះត្រូវបានទទួលដោយប្អូនស្រី របស់មេដឹកនាំលោក គីម ជុងអ៊ុន និងលោក Pak Jong Chon លេខាគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ ដែលកំពុងកាន់អំណាច របស់ប្រទេសកូរ៉េកាលពីថ្ងៃអាទិត្យ។ KCNA មិនបានរាយការណ៍ពីកន្លែងដែលភាគីកូរ៉េខាងជើងទទួលរថយន្តនោះទេ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកទៅកាន់តំបន់ចុងបូព៌ារុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន មេដឹកនាំកូរ៉េខាងជើង បានពិនិត្យរថយន្តទំនើបម៉ូឌែល Aurus ដែលអង្គុយនៅកៅអី អ្នកដំណើរខាងក្រោយ ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហាមឃាត់ការនាំចេញទំនិញប្រណីត រួមទាំងរថយន្តទៅកាន់ប្រទេសកូរ៉េខាងជើង ដោយសារកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។
KCNA បានចុះផ្សាយថាលោកស្រី គីម យ៉ូជុង បានថ្លែងអំណរគុណបងប្រុស របស់លោកស្រីទៅកាន់លោក ពូទីន ដោយថាអំណោយនេះ “បម្រើជាការបង្ហាញពីទំនាក់ទំនង ផ្ទាល់ខ្លួនពិសេសរវាង មេដឹកនាំកំពូលទាំងពីរ” ។
រុស្ស៊ី និងកូរ៉េខាងជើង បានបង្កើនទំនាក់ទំនងចាប់ តាំងពីការឈ្លានពានពេញលេញ របស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។ ទីក្រុងព្យុងយ៉ាង បានប្រគល់សម្ភារៈយោធា និងគ្រាប់បែកទៅឱ្យទីក្រុងម៉ូស្គូ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន នេះបើយោង តាមសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា