ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ធ្វើពហិការ មិនចូលរួមកិច្ចប្រជុំដែលឧបត្ថម្ភដោយ អង្គការសហប្រជាជាតិ

រូបភាពពី៖​ AFP

បរទេស៖ ក្រុមតាលីបង់បានបដិសេធមិនចូលរួមសន្និសីទដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសកាតា ដោយទទូចថា គណៈប្រតិភូរបស់ពួកគេគួរតែត្រូវបានទទួលស្គាល់ថា ជាអ្នកតំណាងតែមួយគត់របស់ប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសារព័ត៌មាន Associated Press, ក្រុមតាលីបង់ ចង់ដក “សមាជិកសង្គមស៊ីវិល” អាហ្វហ្គានីស្ថាន ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានស្នើសុំឱ្យអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំមួយ ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi ។

លោក Mujahid បានប្រាប់ Tolo News ថា “យើងបានស្នើសុំបញ្ហាសំខាន់ៗដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំ ប៉ុន្តែអវត្តមាននៃកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងប្រទេសឥស្លាម មានន័យថា កិច្ចប្រជុំនឹងត្រូវខ្ជះខ្ជាយពេលវេលា” ។

សូមជម្រាបថា មិនមានប្រទេសមួយណាទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលតាលីបង់ដែលបានឡើងកាន់អំណាចនៅទីក្រុងកាប៊ុលក្នុងឆ្នាំ ២០២១ ក្នុងអំឡុងពេលដំណាក់កាលចុងក្រោយនៃការដកទ័ពអាមេរិក នោះឡើយ។ UN ក៏មិនទទួលស្គាល់សិទ្ធិអំណាចរបស់ក្រុមនេះលើអាហ្វហ្គានីស្ថានដែរ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានច្រានចោលការទាមទាររបស់ពួកតាលីបង់ថា “មិនអាចទទួលយកបាន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top