ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ របស់ជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនដល់២៩.១៩៥នាក់ ហើយ ខណៈអ៊ីស្រាអ៊ែល បន្តការវាយប្រហារ តាមផ្លូវអាកាស

AFP

ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាន នៅក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់២៩.១៩៥នាក់ និងចំនួន៦៩.១៧០នាក់ផ្សេងទៀត បានរងរបួស ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅតែបន្តដដែល ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអ៊ែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន១០៣នាក់ និងចំនួន១៤២នាក់ផ្សេងទៀតបានរង របួសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

ក្រសួងបានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួន នៅតែស្ថិតនៅក្រោមគំនរបាក់បែកចំ ពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះខាតផ្នែកការពារ ដល់ជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ ។

ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអ៊ែល បានផ្សព្វផ្សាយថា កងកម្លាំងយោធាអ៊ីស្រាអ៊ែល កំពុងបន្តប្រតិបត្តិការរបស់ខ្លួន នៅភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប្រឆាំងនឹងក្រុមហាម៉ាស់ ហើយបានសម្លាប់ក្រុមប្រយុទ្ធជាច្រើននាក់ទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top