ព័ត៌មានអន្តរជាតិ

អាមេរិក ធ្វើវេតូ​ដំណោះស្រាយ ​របស់​អង្គការសហប្រជាជាតិ ស្តីពី​តំបន់​ហ្គាហ្សា​ ជា​លើក​ទី​៣ ចាប់តាំងពី​ជម្លោះ​ចាប់ផ្តើម​

រូបភាពពី៖​ Kyodo

យូអិន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានវេតូដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលព្រាងដោយអាល់ហ្សេរីដែលនឹងជំរុញឱ្យមានបទឈប់បាញ់ “ភ្លាមៗ” នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថាវិធានការនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

វាជាលើកទី៣ ហើយសម្រាប់សហរដ្ឋអាមេរិកដែលប្រើអំណាចវេតូរបស់ខ្លួននៅលើស្ថាប័នសំខាន់នៃស្ថាប័នពិភពលោកចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។

ទីក្រុងវ៉ាស៊ីនតោន ដែលគាំទ្រអ៊ីស្រាអែលក្នុងជម្លោះ និងអនុគ្រោះដល់ការចរចាដោយផ្ទាល់បានច្រានចោលដំណោះស្រាយពីរផ្សេងទៀត ដែលនឹងជំរុញឱ្យមានការផ្អាកជម្លោះនៅតំបន់ហ្គាហ្សាកាលពីចុងឆ្នាំមុន។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងក្នុងសម័យប្រជុំមួយមុនការបោះឆ្នោតថា “ការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌដោយគ្មានកិច្ចព្រមព្រៀង ដែលតម្រូវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងនឹងមិននាំមកនូវសន្តិភាពយូរអង្វែងនោះទេ”។ ផ្ទុយទៅវិញ វាអាចពង្រីកការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

ដំណោះស្រាយនេះនឹងទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” រវាងភាគីជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាការអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

លោក Amar Bendjama ឯកអគ្គរដ្ឋទូតនៃប្រទេសអាល់ហ្សេរីប្រចាំអង្គការសហប្រជាជាតិ ដែលបានដាក់ចេញសេចក្តីសម្រេចនេះ បានឲ្យដឹងថា “ការសម្រេចចិត្តខុសនៅថ្ងៃនេះ នឹងមានការចំណាយលើតំបន់របស់យើង និងពិភពលោករបស់យើងនៅថ្ងៃស្អែក” ។ លោក​បាន​បន្ត​ថា ហើយ​ការ​ចំណាយ​នេះ​នឹង​មាន​អំពើ​ហិង្សា និង​អស្ថិរភាព។

សមាជិកក្រុមប្រឹក្សាចំនួន ១៣នាក់ក្នុងចំណោម ១៥ រូបបានបោះឆ្នោតគាំទ្រ រួមទាំងប្រទេសជប៉ុនផងដែរ ខណៈដែលចក្រភពអង់គ្លេសបានអនុប្បវាទ។ ដំណោះស្រាយទាមទារឱ្យមានការបោះឆ្នោតបញ្ជាក់ដោយសមាជិកយ៉ាងតិច ៩រូប ដើម្បីអនុម័ត និងសម្រាប់សមាជិកអចិន្ត្រៃយ៍ទាំងប្រាំរបស់ក្រុមប្រឹក្សា ដើម្បីអនុវត្តសិទ្ធិវេតូរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top