ព័ត៌មានអន្តរជាតិ

វៀតណាម ប្រឈមនឹងការខ្វះខាត ធនធានមនុស្ស សម្រាប់វិស័យ semiconductor

VN Plus

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់ពីគេហទំព័រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិថា វៀតណាម ត្រូវការវិស្វករឌីហ្សាញបន្ទះឈីបពី ៥,០០០ ទៅ ១០,០០០នាក់ក្នុងមួយឆ្នាំៗ ប៉ុន្តែសមត្ថភាពផ្គត់ផ្គង់ ធនធានមនុស្សមានតិចជាង ២០ភាគរយប៉ុណ្ណោះ។

គិតត្រឹមដំណាច់ឆ្នាំ២០២២ វៀតណាម មានវិស្វកររចនាបន្ទះឈីបច្រើនជាង ៥,៥០០ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

របាយការណ៍មួយរបស់ Technavio បានព្យាករណ៍ថា ទីផ្សារ semiconductor វៀតណាម អាចកើនឡើងប្រហែល ៦,៥ភាគរយជារៀងរាល់ឆ្នាំក្នុងកំឡុង ឆ្នាំ២០២១-២០២៥។ ទោះជាយ៉ាងណាក៏ដោយ កង្វះធនធានមនុស្សគឺជាបញ្ហា ប្រឈមដ៏ធំបំផុត នៃឧស្សាហកម្មនេះ។

យោងតាមក្រសួងអប់រំ និង បណ្តុះបណ្តាល របស់ប្រទេសនេះបានឲ្យដឹងថា វៀតណាមមានគ្រឹះស្ថាន បណ្តុះបណ្តាលកម្រិតឧត្តមសិក្សាចំនួន ៣៥ ដែលមានសមត្ថភាពផ្តល់ កម្មវិធីបណ្តុះបណ្តាល semiconductor ប៉ុន្តែចំនួនអ្នកដែលមានបទ ពិសោធន៍មានតិចតួច ។

ក្រសួងបានឲ្យដឹងទៀតថា កង្វះធនធានមនុស្ស គឺជាកត្តាចម្បងមួយ ដែលធ្វើឱ្យអ្នកវិនិយោគ ស្ទាក់ស្ទើរក្នុងការ បញ្ចេញលុយ របស់ពួកគេទៅកាន់ប្រទេសវៀតណាម ។ ក្រសួងបានរៀបចំផែនការសកម្មភាពមួយ ដើម្បីបង្កើនគុណភាព និង បរិមាណធនធានមនុស្ស ពិសេស វិស្វកររចនា IC៕
ប្រែសម្រួល ឈូក បូរ៉ា

To Top