ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជិត២០នាក់ នៅក្នុងហេតុការណ៍អគ្គិភ័យទ្រង់ទ្រាយធំ ចេញពីអគារជាច្រើនជាន់ នៅក្រុងភាគខាងកើត នៃប្រទេសអេស្ប៉ាញ

រូបភាពពី៖​ AFP

អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់បានស្លាប់នៅក្នុងអគ្គីភ័យដ៏ធំមួយដែលបានឆាបឆេះអគារផ្ទះល្វែងជាច្រើនជាន់មួយកន្លែងនៅទីក្រុងកំពង់ផែ Valencia ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអេស្ប៉ាញ និងបណ្តាលឲ្យមនុស្សចំនួន១៤នាក់ផ្សេងទៀតបានរងរបួស ។

ប្រភពពីចេញក្រុមប្រឹក្សាក្រុងដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ថែមទៀតដោយសារមានមនុស្សចំនួន១៩នាក់កំពុងបាត់ខ្លួន ។

សាក្សី និងក្រុមសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោងប្រហែល៥និង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ នៅជាន់ទី៤ ហើយបានឆេះរាលដាលយ៉ាងឆាប់រហ័ស។ សាក្សី និងក្រុមសេវាសង្គ្រោះបន្ទាន់បានបញ្ជាក់ថា ជាមួយនឹងរូបភាពបង្ហាញពីអណ្តាតភ្លើង និងពពកផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅ ភាយចេញពេញអគារនៅក្នុងសង្កាត់ Campanar ស្ថិតនៅភាគខាងលិចនៃក្រុង Valencia ។

លោក Jorge Suarez Torres អនុប្រធានក្រុមសេវាសង្គ្រោះបន្ទាន់ប្រចាំតំបន់ Valencia បានប្រាប់អ្នកយកព័ត៌មានថា “ករណីនេះអាចត្រូវបានបញ្ជាក់ថា មានមនុស្សចំនួន៤នាក់បានស្លាប់” ។

ក្រុមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា មានមនុស្សចំនួន១៤នាក់ត្រូវបានព្យាបាលដោយរបួសខុសៗគ្នា បូករួមទាំងកុមារអាយុ៧ឆ្នាំម្នាក់ ហើយ១២នាក់នៅក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ទូរទស្សន៍សាធារណៈ TVE របស់ប្រទេសអេស្ប៉ាញ បានផ្សព្វផ្សាយថា មានផ្ទះល្វែងជាង១៣០នៅក្នុងអគារដែលមានកម្ពស់១៤ជាន់ដែលត្រូវបាន “ឆេះយ៉ាងឆាប់រហ័សប្រែក្លាយទៅជាគ្រោងឆ្អឹង” ដោយមានក្រុមអ្នកពន្លត់អគ្គីភ័យចំនួន២២ក្រុមកំពុងព្យាយាមពន្លត់ភ្លើងនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top