ព័ត៌មានអន្តរជាតិ

ពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ីគាំទ្រ និងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចេញសារគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីនាចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក សុត លី ពលរដ្ឋខ្មែររស់នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានលើកឡើងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានទទួលដំណឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ ខ្ញុំបាទសូមគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ សូមទទួលបានជោគជ័យចំពោះដំណើរទស្សនកិច្ចផ្លូវការ មកកាន់ប្រទេសម៉ាឡេស៊ីនេះ»។

លោក ញ៉ា សុម៉ាអែល ពលរដ្ឋខ្មែររស់នៅម៉ាឡេស៊ី ក៏បានគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសម៉ាឡេស៊ី។ លោកជូនពរសម្តេច និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ទទួលបានជោគជ័យលើដំណើរមក កាន់ប្រទេសម៉ាឡេស៊ីនេះ ដើម្បីជាគុណប្រយោជន៍ ទៅដល់ជាតិមាតុភូមិកម្ពុជា៕

To Top