រ៉ាម៉ាឡា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានផ្សព្វផ្សាយថា កាលពីថ្ងៃចន្ទ លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានទទួលយកការសុំលាលែងពីមុខតំណែងរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Mohammad Shtayyeh ។
លោក Abbas បានប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាលរបស់លោក Shtayyeh បន្តភារកិច្ចរបស់ខ្លួនជាបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។
នៅព្រឹកថ្ងៃដដែលនោះដែរ លោក Shtayyeh បានដាក់ពាក្យលាលែងពីមុខតំណែងរបស់រដ្ឋាភិបាលរបស់លោកជូនទៅលោក Abbas ។
នៅក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ដែលធ្វើឡើងនៅទីក្រុង Ramallah លោក Shtayyeh បានថ្លែងថា “ការសម្រេចចិត្តលាលែងពីមុខតំណែងបានកើតឡើងដោយសារការវិវឌ្ឍន៍នៅតំបន់ហ្គាហ្សា ស្ទ្រីប តំបន់ West Bank និង យេរ៉ូសាឡឹម” ដោយគូសបានបញ្ជាក់ពីកាលៈទេសៈដ៏លំបាកដែលរដ្ឋាភិបាលរបស់គាត់បានដំណើរការនាពេលកន្លងមក ។
គួរបញ្ជាក់ថា ការបង្កើតឡើងដោយក្រឹត្យប្រធានាធិបតីក្នុងខែមេសា ឆ្នាំ២០១៩ រដ្ឋាភិបាលរបស់លោក Shtayyeh ត្រូវបានផ្តល់ភារកិច្ចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាប៉ាឡេស្ទីន និងរៀបចំសម្រាប់ការបោះឆ្នោត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា