វៀងច័ន្ទ៖ ព្រឹត្តិការណ៍មួយ ដែលមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង របស់ក្រុមហ៊ុនផលិតក្នុងស្រុក ត្រូវបានប្រារព្ធឡើងនាពេលថ្មីៗនេះនៅក្នុងប្រទេសឡាវ នេះបើយោងតាមរបាយការណ៍ របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) ។
រៀបចំដោយ LNCCI វគ្គពាក់កណ្តាលថ្ងៃ ដែលបានធ្វើឡើង នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺប្រធានបទ “ការកសាង ផលិតផល ដែលមានគុណភាព ដើម្បីប្រកួតប្រជែង នៅក្នុង ទីផ្សារក្នុងស្រុកដោយផ្អែក លើស្តង់ដារអន្តរជាតិ”។
ក្រោមអធិបតីភាព អនុប្រធាន LNCCI Chanthachone Vongsay ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងក្រុមហ៊ុន សមាគម និងអង្គភាពអាជីវកម្មនានា មកពីវិស័យផលិតកម្មជាង ៦០នាក់។
គោលបំណងនៃការជួបជុំនេះ គឺដើម្បីផ្លាស់ប្តូរ ព័ត៌មានក្នុងចំណោមអ្នក ដែលចាប់អារម្មណ៍ក្នុងការ លក់ទំនិញរបស់ពួកគេនៅក្នុងហាងងាយស្រួល និងហាងលក់ម៉ាកល្បីៗជាច្រើននៅក្នុងប្រទេសឡាវ។
របាយការណ៍បានដកស្រង់សម្តីអ្នកជំនាញមួយចំនួនឲ្យដឹងថា ដើម្បីពង្រឹងគុណភាពផលិតផលរបស់ខ្លួន ក្រុមហ៊ុនត្រូវតែអនុវត្តតាមស្តង់ដារ និងប្រព័ន្ធគ្រប់គ្រងមួយចំនួន។
ដើម្បីជំរុញសេដ្ឋកិច្ច និងដោះស្រាយអតិផរណា រដ្ឋាភិបាលឡាវ កំពុងស្វែងរកការលើកកម្ពស់ ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិតផល ដែលអាចផលិតក្នុងស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា