ព័ត៌មានអន្តរជាតិ

ថៃ គ្រោងទិញយន្តហោះ ចម្បាំង F-16 , ប្រព័ន្ធការពារដែន អាកាសកម្រិតមធ្យម និងបច្ចេកវិទ្យាប្រឆាំង យន្តហោះគ្មានមនុស្សបើក

AFP

កងទ័ពអាកាសថៃ (RATF) ចង់ប្រើប្រាស់ថវិកា នៅឆ្នាំក្រោយដើម្បីទិញយន្តហោះចម្បាំង F-16 , ប្រព័ន្ធការពារដែន អាកាសកម្រិតមធ្យម និងបច្ចេកវិទ្យាប្រឆាំងយន្តហោះ គ្មានមនុស្សបើក។ នេះបើយោងតាមសៀវភៅស របស់ខ្លួនដែលបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលសិក្ខាសាលា RTAF Symposium 2024 ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះចម្បាំង F-16 នឹងជំនួសយន្តហោះចាស់នៅ Sqn-102 Wing 1 ជាមួយនឹងការទិញនេះផងដែរ គ្របដណ្តប់លើគ្រឿងបន្លាស់ និងប្រព័ន្ធអាវុធបន្ថែម។

កងទ័ពអាកាសថៃ បាននិយាយថា សៀវភៅស ត្រូវបានបង្កើតឡើងដើម្បីជូនដំណឹងដល់សាធារណជនអំពីបេសកកម្ម និងផែនការរបស់ខ្លួនទាក់ទងនឹងការអភិវឌ្ឍន៍ កងកម្លាំងអាកាស របស់ព្រះរាជាណាចក្រថៃ។

សៀវភៅសនេះបង្ហាញថា កងទ័ពអាកាសកំពុងស្វែងរកប្រព័ន្ធការពារ ដែនអាកាសរយៈចម្ងាយមធ្យម និងបច្ចេកវិទ្យាប្រឆាំងយន្តហោះគ្មានមនុស្សបើក ហើយក៏គ្រោងនឹងទិញឧទ្ធម្ភាគចក្របន្ថែមទៀត ក៏ដូចជាយន្តហោះ KAI T-50 Golden Eagle ជាមួយនឹងគម្រោងសន្តិសុខអាកាសជាច្រើនទៀត ក្នុងរឿងដែលកំពុងពិភាក្សា។

មុននេះ RTAF បានរាយបញ្ជីកង្វល់សន្តិសុខដែលប្រទេសថៃ អាចប្រឈមមុខរហូតដល់ឆ្នាំ ២០៣៧ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេស ដែលមានអំណាច គ្រោះមហន្តរាយធម្មជាតិ ទម្រង់ថ្មីនៃជំងឺរាតត្បាត និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ខាងយោធាក៏បាននិយាយផងដែរថា ឥឡូវនេះ ខ្លួនកំពុងផ្តោត លើការផ្លាស់ប្តូរសព្វាវុធ និងសហការរៀបចំការហ្វឹកហ្វឺន ជាមួយប្រទេសផ្សេងទៀតដូចជា ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top