ព័ត៌មានអន្តរជាតិ

លោក បៃដិន មានសុខភាពល្អក្នុងការ ប្រឡងរាងកាយប្រចាំឆ្នាំ ចំពេលមានការព្រួយបារម្ភ អំពីអាយុរបស់លោក

Kyodo

វ៉ាស៊ីនតោន៖ វេជ្ជបណ្ឌិតរបស់លោកបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មានសុខភាពល្អ បន្ទាប់ពីការពិនិត្យរាងកាយ ប្រចាំឆ្នាំរបស់បុរសអាយុ ៨១ឆ្នាំនៅមន្ទីរពេទ្យយោធា ដែលធ្វើឡើងនៅពេលដែល អ្នកបោះឆ្នោតជាច្រើន មានការព្រួយបារម្ភអំពីកាយសម្បទា របស់លោកក្នុងការបម្រើអាណត្តិទីពីរ នៅក្នុងសេតវិមាន។

វេជ្ជបណ្ឌិតរបស់ បៃដិន គឺលោក Kevin O’Connor បានសរសេរក្នុងកំណត់ហេតុចំនួន ៦ទំព័រថា “ប្រធានាធិបតីមានអារម្មណ៍ល្អ ហើយរូបរាងកាយក៏ល្អនៅឆ្នាំនេះ និងបានរកឃើញថា មិនមានការព្រួយបារម្ភថ្មីនោះទេ លោកនៅ​តែ​មាន​ភាព​សម​ស្រប​នឹង​កាតព្វកិច្ច និង​អនុវត្ត​ទាំង​ស្រុង​នូវ​ការ​ទទួល​ខុស​ត្រូវ​ ទាំង​អស់​របស់​លោក”។

ឯកសារដែលបានផ្ញើទៅ កាន់សេតវិមានបន្ទាប់ពីលោក បៃដិន បានចំណាយពេលជាង ២ម៉ោងកន្លះ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed នៅជិតទីក្រុងវ៉ាស៊ីនតោន សម្រាប់ការត្រួតពិនិត្យក៏បានកំណត់ថា លោកជាបុរសអាយុ ៨១ឆ្នាំដែលមានសុខភាពល្អ សកម្ម និងរឹងមាំ។

លោក បៃដិន ដែលជាប្រធានាធិបតី ដែលមានវ័យចំណាស់បំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បាននិយាយលេងសើចនៅពេលក្រោយ នៅក្នុងព្រឹត្តិការណ៍មួយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ទាក់ទងនឹងសុខភាពរបស់គាត់។

លោក បៃដិន នឹង​មាន​អាយុ ៨៦ឆ្នាំ​នៅ​ពេល​បញ្ចប់​អាណត្តិ​ទី៤ ឆ្នាំ​ទីពីរ ប្រសិនបើ​លោកឈ្នះ​ការ​ បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២៤។ ប្រធានាធិបតី​ប្រជាធិបតេយ្យ​ បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា លោកមាន​រូបរាង​ល្អ​ខណៈ​ដែល​លោករៀបចំ សម្រាប់​ការ​ប្រកួត​ប្រជែងឡើងវិញ ​ជាមួយ​អ្នក​ស្នង​តំណែង​មុន​របស់​លោក ដូណាល់ ត្រាំ ក្នុង​ខែវិច្ឆិកា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top