ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ បារម្ភចំពោះជម្លោះរវាងពលរដ្ឋថៃ និងជនបរទេស ហើយជំរុញឱ្យប្រជាជនស្វាគមន៍ភ្ញៀវទេសចរបរទេស

រូបភាពពី៖​ XINHUA

បរទេស៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានជំរុញឱ្យប្រជាជនថៃធ្វើជាម្ចាស់ផ្ទះដ៏ល្អចំពោះភ្ញៀវទេសចរបរទេស ដោយបង្ហាញចិត្តសប្បុរស និងសុច្ឆន្ទៈ ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេស។

យោងតាមសារព័ត៌មានរបស់ថៃ The Nation ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយនៅថ្ងៃសៅរ៍ថា លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភរបស់លោកអំពីជម្លោះនាពេលថ្មីៗនេះរវាងប្រជាជនថៃ និងជនបរទេស ។

ប្រទេសថៃទទួលបានភ្ញៀវទេសចរជាង ២៨ លាននាក់កាលពីឆ្នាំមុន ហើយបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត ៦ លាននាក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរូបនេះបន្តថា នាយករដ្ឋមន្ត្រី សេដ្ឋា បានជំរុញឱ្យប្រជាជនថៃ ទទួលរាក់ទាក់ ដោយស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវបរទេសដែលមកលេងប្រទេសថៃ ព្រោះពួកគេកោតសរសើរប្រទេសនេះ។

លោក Chai Wacharonke បានលើកឡើងពីប្រសាសន៍របស់លោកសេដ្ឋា ថាវីស៊ីនថា “ពួកគេចង់ធ្វើដំណើរកម្សាន្តនៅទីនេះ ពីព្រោះពួកគេចូលចិត្តប្រជាជនថៃ។ សូមធ្វើល្អចំពោះភ្ញៀវទេសចរ និងជួយអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍។ ឧស្សាហកម្មទេសចរណ៍គឺជាឧបករណ៍ដ៏សំខាន់មួយដើម្បីជំរុញសេដ្ឋកិច្ចថៃ»។

លោក Chai ក៏បាននិយាយផងដែរថា ប៉ូលីសគួរតែស្មោះត្រង់ក្នុងការអនុវត្តច្បាប់ ដើម្បីធានាថា អ្នកទេសចរគោរពតាមច្បាប់របស់ប្រទេសថៃ ជាពិសេសនៅពេលដែលជនបរទេសបង្ហាញ “អាកប្បកិរិយាមិនសមរម្យ” មកលើប្រជាជនថៃ។

លោក Chai និយាយថា “សេចក្តីថ្លៃថ្នូររបស់ម្ចាស់ផ្ទះក៏គួរត្រូវបានការពារផងដែរ។ ជនបរទេសដែលមិនអនុវត្តតាមច្បាប់ គួរតែប្រឈមមុខនឹងវិធានការផ្លូវច្បាប់ ហើយប៉ូលីស គួរតែធ្វើឱ្យប្រាកដថា ពួកគេអនុវត្តតាមច្បាប់ថៃ ហើយមានចិត្តសប្បុរសចំពោះជនជាតិថៃ»។

ជាក់ស្តែង អ្នកនាំពាក្យរដ្ឋាភិបាលបានសំដៅទៅលើឧបទ្ទវហេតុនាពេលថ្មីៗនេះដែលបានកើតឡើងនៅខេត្តភូកេត ដែលបុរសជនជាតិស្វីសម្នាក់ត្រូវបានចោទប្រកាន់ថា បានទាត់គ្រូពេទ្យស្រីជនជាតិថៃនៅឯវីឡាមាត់សមុទ្ររបស់គាត់ ខណៈពេលដែលគ្រូពេទ្យរូបនោះ និងមិត្តស្រីរបស់នាងកំពុងអង្គុយនៅលើជណ្តើរដែលសាងសង់នៅជាប់នឹងឆ្នេរ ដែលពួកគេសន្មត់ថា ធ្វើជាកម្មសិទ្ធិសាធារណៈ៕ ប្រែសម្រួលៈ ណៃ តុលា

To Top