ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៣០,៣២០នាក់

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,៣២០នាក់ហើយ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩២នាក់ និងរងរបួសចំនួន ១៥៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣០,៣២០ នាក់ និងរបួសដល់ ៧១,៥៣៣នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ក្នុងចំណោមពួកគេ ១៥នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir al-Balah ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើផ្ទះចំនួនពីរ ហើយពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសសំដៅទៅលើផ្ទះមួយកន្លែងនៅ Jabalia ភាគខាងជើងហ្គាហ្សា ។

ប្រភពបានបន្ថែមថា មនុស្ស ១០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលទៅលើសង្កាត់ Al-Zaytoun, Tal Al-Hawa, Al-Sabra និង Al-Daraj ក្នុងទីក្រុងហ្គាហ្សា។

ទន្ទឹមនឹងនេះដែរ នៅក្នុងទីក្រុងហ្គាហ្សា ភាគខាងជើងនៃ Beit Hanoun មនុស្សមួយក្រុមដែលរើសស្មៅ ដើម្បីបំពេញភាពអត់ឃ្លាន ត្រូវបានគេកំណត់គោលដៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំរបស់អ៊ីស្រាអែល ដោយក្នុងនោះពួកគេ ៣ នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមសាក្សី ដែលបានឃើញផ្ទាល់ភ្នែក៕ ប្រែសម្រួល ឈូក បូរ៉ា 

To Top