ព័ត៌មានអន្តរជាតិ

ករណីប៉ាល់ដឹកទំនិញ១គ្រឿង បានលិច នៅឆ្នេរសមុទ្ររបស់យ៉េមែន អាចនាំមកនូវ គ្រោះមហន្តរាយដល់បរិស្ថាន

រូបភាពពី៖​ XINHUA

អាដែន៖ រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយ៉ែមែន បានប្រកាសកាលពីថ្ងៃសៅរ៍ថា កប៉ាល់ដឹកទំនិញឈ្មោះថា Rubymar បានលិចនៅឆ្នេរសមុទ្រនៃប្រទេសយ៉ែមែន កាលពីយប់ថ្ងៃសុក្រ ស្របពេលអាកាសធាតុមានព្យុះកើតឡើងផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba បានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា កប៉ាល់ Rubymar ជាកប៉ាល់ដឹកទំនិញដែលត្រូវបានគេបោះបង់ចោលអស់រយៈពេលជាង១២ថ្ងៃ ក្រោយពីត្រូវបានវាយប្រហារដោយក្រុម ហួធី (Houthi) ហើយបានលិចនៅឆ្នេរសមុទ្រនៃប្រទេសយ៉ែមែន ។

កប៉ាល់ដែលមានទង់ជាតិ Belize របស់ចក្រភពអង់គ្លេស ដែលបានដឹកជី និងប្រេងរាប់ពាន់តោន ។ រដ្ឋាភិបាលបានសម្តែងការសោកស្តាយចំពោះការលិចកប៉ាល់នេះ ដោយព្រមានថា នឹងបង្កឲ្យមានគ្រោះមហន្តរាយដល់បរិស្ថានដ៏សម្បើមដែលអាចកើតមាននៅក្នុងដែនទឹករបស់ប្រទេសយ៉េមែន ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ ក្រុមឧទ្ទាម ហួធី បានបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ ត្រូវចំកប៉ាល់ Rubymar ខណៈពេលដែលកប៉ាល់នេះកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ដោយបានធ្វើឱ្យខូចខាតផ្នែកខ្លះនៃកប៉ាល់ នេះ ។ ពួក ហួធី បានអះអាងថា ពួកគេជឿថា កប៉ាល់នេះកំពុងដឹកសព្វាវុធសម្រាប់ផ្តល់ឲ្យអ៊ីស្រាអ៊ែល ។

ទោះបីជាមានការអំពាវនាវពីរដ្ឋាភិបាលយ៉ែមែន នៅក្នុងរយៈពេល១២ថ្ងៃចុងក្រោយមកនេះ ដើម្បីជៀសវាងគ្រោះមហន្តរាយក៏ដោយ ក៏កប៉ាល់ Rubymar មិនអាចធានាសុវត្ថិភាព និងបានលិចកាលពីយប់ថ្ងៃសុក្រ ស្របពេលសមុទ្រកំពុងមានព្យុះ ។

រដ្ឋាភិបាលយ៉ែមែន បានកោះប្រជុំបន្ទាន់មួយក្រោយពីឧបទ្ទវហេតុនេះកើតឡើង ដើម្បីដោះស្រាយដល់ការប៉ះពាល់បរិស្ថានដែលនឹងអាចកើតមាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top