ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណថា គ្មានការហោះហើរ យន្តហោះចម្បាំង F-35 នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ

រូបភាព៖Afp

បរទេស៖ សហរដ្ឋអាមេរិកបានបដិសេធ ការហោះហើរ យន្តហោះចម្បាំង F-35 លើអ៊ុយក្រែន បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានអះអាងថា យន្តហោះចម្បាំងទំនើបៗ ត្រូវបានប្រើប្រាស់ ដើម្បីតាមដានកងទ័ពរុស្ស៊ី នៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានធ្វើការកត់សម្គាល់កាលពីថ្ងៃពុធសប្តាហ៍មុន ខណៈលោកថ្លែង នៅក្នុងសភាជាតិអំពីសារៈសំខាន់ នៃការរៀបចំផែនការរយៈពេលវែង នៅក្នុងឧស្សាហកម្មការពារជាតិ។ លោកបានលើកឡើងជាពិសេសថា ប្រទេសសិង្ហបុរី កំពុងធ្វើការវាយតម្លៃយ៉ាងដិតដល់ នូវយន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិក ជាពិសេសនៅពេលនិយាយ អំពីការប្រើប្រាស់ របស់វានៅក្នុងលក្ខខណ្ឌជាក់ស្តែង។

លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះ F-35 មិនត្រឹមតែសំដៅទៅលើក្រុមភេរវកររដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) នៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង “កំណត់ទីតាំង និងកំណត់ទីតាំងមីស៊ីល ពីដីទៅអាកាសរបស់អង្គភាពរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន” ថែមទៀត ដោយបន្ថែមថា ការឈ្លបយកការណ៍នេះ ក្រោយមកត្រូវបានចែករំលែក ជាមួយសមាជិកណាតូ។ លោកមិនបាននិយាយថា តើយន្តហោះ F-35 ធ្លាប់ចូលក្នុងលំហអាកាស អ៊ុយក្រែន ឬក៏ការហោះហើរ ត្រូវបានធ្វើឡើងលើទឹកដីណាតូ ឬយ៉ាងណានោះទេ។

កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់រដ្ឋមន្ត្រីសឹង្ហបុរីនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា “ខ្ញុំអាចបញ្ជាក់បានថា សហរដ្ឋអាមេរិកមិនហោះហើរ F-35s នៅអ៊ុយក្រែនទេ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top