ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ជំរុញឲ្យកងកម្លាំងរបស់ខ្លួន បង្កើនសមយុទ្ធសង្គ្រាម

APA

សេអ៊ូល៖ មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) កាលពីថ្ងៃពុធបានណែនាំ ដល់កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសនេះឱ្យបង្កើនសមយុទ្ធសង្រ្គាមជាក់ស្តែង និងការត្រៀមរៀបចំសមយុទ្ធសង្រ្គាម នៅក្នុងពេលនៃការបំពេញទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការ ដ៏សំខាន់មួយនៅក្នុងប្រទេស ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើនេះស្ថិតនៅតំបន់ភាគខាងលិច នៃកងទ័ពប្រជាជនកូរ៉េ ។

ទីភ្នាក់ងារ KCNA បានរាយការណ៍ឲ្យដឹងនៅក្នុងដំណើរ ទៅពិនិត្យកន្លែងហ្វឹកហ្វឺន និងណែនាំសមយុទ្ធជាក់ស្តែង លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានអំពាវនាវឱ្យអង្គភាពយោធាបង្កើន សមយុទ្ធសង្គ្រាមជាក់ស្តែង ដើម្បីធានាបានជ័យជម្នះ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា លោកបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អង្គភាពយោធាគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងការត្រៀមរៀបចំសង្រ្គាម ស្របតាមតម្រូវការនៃស្ថានភាពដែលកំពុងមាន ដើម្បី “ទប់ទល់នឹងការគំរាមកំហែងឥតឈប់ឈរ របស់សត្រូវជាមួយនឹងកម្លាំងដ៏លើសលប់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top