ព័ត៌មានអន្តរជាតិ

តួកគី ៖ រដ្ឋអ៊ីស្លាមទាំងអស់ លើពិភពលោក បានធ្វើឲ្យជនប៉ាឡេស្ទីន ខកចិត្តយ៉ាងខ្លាំង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ប្រទេសដែលភាគច្រើន កាន់សាសនាឥស្លាម មិនបានធ្វើគ្រប់គ្រាន់ ដើម្បីបញ្ឈប់កងកម្លាំងអ៊ីស្រាអែល ពីការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សានោះទេ ។

ការអត្ថាធិប្បាយរបស់ មេដឹកនាំតួកគីរូបនេះ ត្រូវបានធ្វើឡើង នៅចំពេលដែលសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ខែទីប្រាំមួយ ហើយលោកលោក Erdogan បាននិយាយបន្តទៀតថា សង្រ្គាមនៅមជ្ឈិមបូព៌ា បានបង្ហាញយើងថា ពិភពឥស្លាមនៅតែមានចំណុចខ្វះខាតខ្លាំង ជាពិសេសទាក់ទងនឹងការរួបរួមគ្នា នៅពេលព្យាយាមដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ប្រតិបត្តិការរបស់ខ្លួន នៅតំបន់ហ្គាហ្សា។

លោកប្រធានាធិបតី បាននិយាយទៀតថា៖ ទោះបីជាមានការខិតខំប្រឹងប្រែង និងការខិតខំប្រឹងប្រែងជាច្រើន ក្នុងវិស័យការទូតក៏ដោយ ក៏ប្រទេសភាគច្រើនមូស្លីម នៅទីបំផុតមិនអាចការពារការស្លាប់ របស់កុមារស្លូតត្រង់នៅហ្គាហ្សា ពីភាពអត់ឃ្លាន គ្រាប់កាំភ្លើង និងគ្រាប់បែកនោះទេ។

គួរឲ្យដឹងដែរថា លោក Erdogan បាននិយាយថា ទីក្រុងអង់ការ៉ា បានផ្តល់ជំនួយមនុស្សធម៌ ប្រមាណ៤០០០០តោន រួចមកហើយទៅកាន់តំបន់ហ្គាហ្សា តាមអាកាស និងផ្លូវសមុទ្រ គិតមកត្រឹមពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top