ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់​ពី​ការ​ធ្វើ​ឃាត​លើ​សមាជិកសំខាន់ទី៤ របស់ក្រុម​ហាម៉ាស នៅ​លីបង់

រូបភាពពី៖​ XINHUA

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា កងទ័ពអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការសម្លាប់លោក Saleh al-Arouri អនុប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសឆ្លងព្រំដែនដ៏ចម្រូងចម្រាសមួយនៅក្នុងប្រទេសលីបង់ កាលពីក្នុងខែមករា។

ការស្លាប់របស់លោក Arouri បង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីប្រទេសលីបង់ និងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែអ៊ីស្រាអែល មិនដែលបានទទួលស្គាល់ជាផ្លូវការនូវការធ្វើឃាតនោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃចន្ទថា “យើងបានសម្លាប់មេដឹកនាំលំដាប់លេខ៤ នៅក្នុងក្រុមហាម៉ាស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា “លេខ៣ លេខ២ និងលេខ១ កំពុងធ្វើដំណើរ នឹងត្រូវបានសម្លាប់។ ពួកគេទាំងអស់ គឺជាមនុស្សដែលត្រូវសម្លាប់ យើងបានសម្លាប់ពួកគេទាំងអស់”។

លោកក៏បានបញ្ជាក់ឡើងវិញនូវជំហររបស់លោកថា អ៊ីស្រាអែល នឹងបន្តការវាយប្រហារនៅតំបន់ហ្គាហ្សា រហូតដល់ “ជ័យជំនះទាំងស្រុង” លើក្រុមហាម៉ាស។

អ៊ីស្រាអែលកំពុងពិនិត្យមើលថាតើ Marwan Issa មេបញ្ជាការរងយោធារបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប និងជាមេដឹកនាំ “លេខ៣” នៅក្នុងឋានានុក្រមនៃក្រុមហាម៉ាស បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយយប់នៅក្នុង ជំរំជនភៀសខ្លួន Al-Nusseirat នៅកណ្តាលតំបន់ហ្គាហ្សាស្រ្ទីប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top